Home សង្គម រដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិននឹងបើកកិច្ចប្រជុំលើទឹកដីឡាវរកវិធីទប់ស្កាត់មេរោគកូរ៉ូណា

រដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិននឹងបើកកិច្ចប្រជុំលើទឹកដីឡាវរកវិធីទប់ស្កាត់មេរោគកូរ៉ូណា

0

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់លោក សាលើមសៃ គុំម៉ាស៉ីត រដ្ឋមន្រ្តីការបរទេសឡាវឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងដឹកនាំគណៈប្រតិភូ ទៅចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាងលើកទី៥និងកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន ស្តីពីជំងឺឆ្លងផ្លូវដង្ហើមកូរ៉ូណា (COVID-19) នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២០។

យោងតាមការប្រកាសរបស់ក្រសួងការបរទេសបានឲ្យដឹងថាកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាងលើកទី៥ នឹងពិនិត្យមើលឡើងវិញនូវវឌ្ឍនភាពក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាងលើកទី៤ ដែលបានរៀបចំឡើងកាលពីខែធ្នូឆ្នាំ២០១៨ពិភាក្សាពីទិសដៅអនាគតរបស់កិច្ចសហប្រតិបត្តិការនេះក្នុងគោលដៅជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងត្រៀមរៀបចំកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី៣ នាពេលអនាគតដ៏ខ្លីខាងមុខនេះ។

កិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិនស្តីពីជំងឺឆ្លងផ្លូវដង្ហើមកូរ៉ូណានឹងពិភាក្សាផ្លាស់ប្តូរយោបល់រិះរកមធ្យោបាយ និងរបៀបថ្មីៗដែលមានប្រសិទ្ធភាព ដើម្បីប្រយុទ្ធប្រឆាំងនិងរីករាលដាលនៃជំងឺឆ្លងផ្លូវដង្ហើមកូរ៉ូណានេះ ហើយដែលនៅក្នុងឱកាសនោះ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងជម្រាបអំពីព័ត៌មានចុងក្រោយបង្អស់ពាក់ព័ន្ធនឹងជំងឺឆ្លងផ្លូវដង្ហើមកូរ៉ូណា ក៏ដូចជា វិធានការណ៍ ដែលបានដាក់ចេញដើម្បីប្រយុទ្ធប្រឆាំងជំងឺនេះ នៅកម្ពុជា។
ការអញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំខាងលើ របស់ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងមិនត្រឹមតែដើម្បីពង្រឹងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការនៅក្នុងកាលៈទេសៈដ៏លំបាកនៃការគំរាមកំហែងដល់សុខភាពពិភពលោកប៉ុណ្ណោះទេ តែក៏បង្ហាញពីការគាំទ្រនិងទំនុកចិត្តមុតមាំរបស់កម្ពុជា ចំពោះវិធានការណ៍ចាំបាច់នានារបស់រដ្ឋាភិបាលចិន ក្នុងការប្រយុទ្ធប្រឆាំងការរាលដាលនៃ ជំងឺឆ្លងផ្លូវដង្ហើមកូរ៉ូណានេះផងដែរ៕

Previous articleល​ទ្ធផ​ល​វិ​ភា​គ​សំ​ណា​ក​ផ្លូវ​ដ​ង្ហើ​ម​អ្ន​ក​ទេ​ស​ច​រ​លើ​នា​វា​ Westerdam ទាំង២០នាក់
Next articleអង្គកា​រ​ទេ​ស​ច​រ​ណ៍​ពិ​ភ​ព​លោ​ក​ស​រសើ​រ​សេ​ច​ក្ដី​ក្លា​ហា​ន​រ​បស់​ក​ម្ពុ​ជា​ដែ​ល​ឲ្យ​នា​វា​ទេ​ស​ច​​រ​ណ៍ MSWesterdam ​ចុះច​ត​បើ​ទោះ​បី​ភ័​យ​ខ្លា​ច​​ជំ​ងឺវី​រុ​ស​​កូរ៉ូ​​ណា