ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានលើកឡើងថាបើមិនជួយពួកគេ បើមិនឲ្យនាវាទេសចរណ៍ MS Westerdam របស់សហរដ្ឋអាមេរិកចូលចតនៅកំពង់ផែខេត្តព្រះសីហនុ តើត្រូវឲ្យពួកគេទៅណា បើប្រទេសមួយចំនួននោះគេបានបិទអស់ហើយ។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ បន្ទាប់ពីអនុញ្ញាតឲ្យនាវាទេសចរណ៍ MS Westerdam របស់សហរដ្ឋអាមេរិកចូលចតនៅកំពង់ផែខេត្តព្រះសីហនុ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានសរសេរលើគេហទំព័រហ្វេសប៊ុកនៅល្ងាចថ្ងៃទី១៣ កុម្ភៈនេះ ថា កម្ពុជា ស្វាគមន៍នាវាទេសចរណ៍ដ៏ធំមួយឈ្មោះថា MS Westerdam របស់សហរដ្ឋអាមេរិក ដែលមានទេសចរជាង២,២៥៧នាក់ ដែលនៅថ្ងៃទី ១៣ កុម្ភៈព្រឹកនេះបានចូលមកដល់កំពង់ផែក្រុងព្រះសីហនុហើយ។
នាវាទេសចរណ៍អាមេរិកដ៏ធំនេះបានស្នើសុំចុះចតនៅតាមប្រទេសនិងកោះចំនួន៦ មកហើយ តែត្រូវបានបដិសេធមិនអោយចូលចត ដោយសារភ័យខ្លាចមានអ្នកដំណើរមានផ្ទុកមេរោគកូរ៉ូណាថ្មី ដែលពេលនេះមានឈ្មោះជាផ្លូវការថា កូវីដ-១៩ (Covid-19)។ដើម្បីធានាសុវត្ថិភាពទាំងអស់គ្នាគឺមន្រ្តីជំនាញរបស់ក្រសួងសុខាភិបាលបានធ្វើការពិនិត្យអាការសុខភាពរបស់អ្នកដំណើរទាំងអស់មុនពេលអនុញ្ញាត្តិអោយចេញក្រៅនាវា។
សម្តេចតេជោ ហ៊ុន សែន មានការអាណិតស្រណោះអ្នកធ្វើដំណើររាប់ពាន់នាក់ដែលរួមមានទាំងមនុស្សចាស់ ស្រ្តី និងកូនក្មេង ដែលកំពុងជាប់នៅក្នុងនាវាដ៏ធំនេះ។
សម្តេចតេជោ បានបញ្ជាក់ថា”កម្ពុជាមិនមែនជាប្រទេសអ្នកមានទេ ប៉ុន្តែកម្ពុជាមានបេះដូងទូលាយ ជាមួយទឹកចិត្តសណ្តោសប្រណីមិនរើសអើងពូជសាសន៍ ហើយការជួយគ្នាជាពិសេសក្នុងគ្រាមានអាសន្នបែបនេះគឺគ្មានកម្រិតលើពូជសាសន៍ ឬកម្រិតលើព្រុំដែនឡើយ។ នៅក្នុងស្ថានភាពបែបនេះ គឺយើងត្រូវរួមគ្នាផ្តល់នូវក្តីស្រឡាញ់ ជំនឿ ទំនុកចិត្ត និងភាពកក់ក្តៅដល់អ្នកធ្វើដំណើរកុំអោយភ័យតក់ស្លុតអស់សង្ឃឹម។ បើមិនជួយពួកគេ បើមិនឲ្យនាវានេះចូលចត តើត្រូវឲ្យពួកគេទៅណា បើប្រទេសមួយចំនួននោះគេបានបិទអស់ហើយ”៕