ចូលរួមអភិរក្សទាំងអស់គ្នា! សំបុកអណ្តើកហ្លួង នៅតំបន់ប្រព័ន្ធ ព្រែកស្រែអំបិលមានការកើនឡើង ក្រោយបញ្ឈប់សកម្មភាពបូមខ្សាច់ 

0

ភ្នំពេញ៖ ក្រោយបញ្ឈប់សកម្មភាពបូមខ្សាច់នានា ព្រមទាំងដាក់តំបន់ប្រព័ន្ធព្រែកស្រែអំបិល ជាតំបន់គ្រប់គ្រង និងអភិរក្ស បានធ្វើឲ្យសំបុកអណ្តើកហ្លួង មានការកើនឡើង ។ នេះបើតាមការបញ្ជាក់ពី លោក កែន សេរីរដ្ឋា នាយកអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ WCS ។

សូមរំលឹកថា អណ្ដើកហ្លួង ត្រូវបានអង្គការសហភាពអន្ដរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN) ចាត់ទុកថា ជាប្រភេទសត្វកំពុង ទទួលរងគ្រោះជិតផុតពូជបំផុត និងស្ថិតក្នុងចំណោមអណ្ដើកទាំង ២៥ប្រភេទ ដែលកំពុងរងគ្រោះថ្នាក់ខ្លាំងជាងគេ នៅលើពិភពលោក ។

គិតត្រឹមខែមករា ឆ្នាំ២០២០ ក្រុមអ្នកអភិរក្សមកពីសហគមន៍មូលដ្ឋាន រដ្ឋបាលជលផល និង WCS រកឃើញសំបុកសត្វអណ្តើកហ្លួង ឬអណ្តើកសរសៃចំនួន ៣សំបុក សរុបស្មើ ៥១ពង។ របកគំហើញ នៃការស្រាវជ្រាវបង្ហាញថា ចំនួនសំបុកនេះមានការកើនឡើង បើធៀបនឹង ៤ឆ្នាំកន្លងមក ដែលមានតែ ១សំបុកប៉ុណ្ណោះ ក្នុង១ឆ្នាំ។

លោក កែន សេរីរដ្ឋា បញ្ជាក់ថា ប្រព័ន្ធព្រែកស្រែអំបិល គឺមានសារៈសំខាន់បំផុត សម្រាប់ការរស់រានរបស់អណ្ដើកហ្លួង ដោយប្រព័ន្ធព្រែកនេះ មានតំបន់ឆ្នេរខ្សាច់ ព្រៃលិចទឹក ព្រៃកោងកាងដែលជាកន្លែង សម្រាប់ពួកវារកចំណី និងបន្ដពូជ។ លោកថា ការកើនឡើងចំនួនសំបុកនេះ ដោយសារមានការសហការល្អរវាងរដ្ឋាភិបាល តាមរយៈការបញ្ឈប់ការធ្វើអាជីវកម្មខ្សាច់ និងដាក់ប្រព័ន្ធព្រែកស្រែអំបិល ជាតំបន់គ្រប់គ្រង និងអភិរក្សសម្រាប់អណ្ដើកហ្លួងនាពេលកន្លងមក។ ក្នុងនោះ ការសហការរួមគ្នាក្នុងការ លែងអណ្ដើកជំទង់ចំនួន ៨៦ក្បាល នាពេលកន្លងមក ក៏បានរួមចំណែក ធ្វើឲ្យមានការកើនឡើងចំនួនសំបុកនេះផងដែរ ។

សូមបញ្ជាំក់ផងដែរថា កាលពីឆ្នាំ២០១៧ ក្រសួងរ៉ែ និងថាមពល បានសម្រេចបញ្ឈប់រាល់សកម្មភាពបូមខ្សាច់ នៅតាមប្រព័ន្ធព្រែកស្រែអំបិល ហើយកាលពីឆ្នាំ២០១៩ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានដាក់ប្រព័ន្ធព្រែកស្រែអំបិល ជាតំបន់គ្រប់គ្រង និងអភិរក្សអណ្តើកហ្លួង និងក្រពើត្រីផងដែរ ៕