ភ្នំពេញ៖ បុរសម្នាក់បើករថយន្ដលឿនបំពានភ្លើងស្តុប ជ្រុលទៅបុករថយន្ដស៊េរីទំនើប ROLLS ROYCE របស់ឧកញ៉ា ឌួង ឆាយ បណ្ដាលឲ្យរងការខូចខាតមួយចំហៀងនៅវេលាទៀបភ្លឺឈានចូលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ តាមបណ្ដោយផ្លូវកម្ពុជាក្រោម កែងផ្លូវព្រះមុនីវង្ស ចំណុចស្ដុបសេរីភាព ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
សេចក្ដីរាយការណ៍នានាបានឲ្យដឹងមុនពេលកើតហេតុគេបានឃើញរថយន្ដមួយគ្រឿង ម៉ាក TOYOTA CAMRY HYBRID ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AY-1549 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវកម្ពុជាក្រោម ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ រថយន្ដខាងលើបានបើកបំពានភ្លើងស្តុប ក៏ជ្រុលទៅបុករថយន្ដស៊េរីទំនើបមួយគ្រឿង ម៉ាក ROLLS ROYCE ដែលជារថយន្តរបស់ឧកញ៉ា ឌួង ឆាយ បណ្ដាលឲ្យរងការខូចខាតខ្ទេចមួយជំហៀងខាងស្ដាំ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកន្លែងកើតហេតុ រួចធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញ ដើម្បីចុះមកធ្វើការវាស់វែង និងយករថយន្ដទាំងពីរ ទៅរក្សាតុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ នៅពេលក្រោយ៕


