ភ្នំពេញ៖ យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងថា នៅខែមករា ឆ្នាំ២០២០ កម្ពុជាបាននាំចេញអង្ករចំនួន៥០៤៥០តោនក្នុងទំហំទឹកប្រាក់ប្រមាណជា ៣៩លានដុល្លារអាមេរិក ថយចុះ១៥.៣៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩។
មូលហេតុនៃការថយចុះនេះ បណ្តាលមកពីការយកពន្ធអង្ករកម្ពុជា នាំចូលនៅសហគមន៍អឺរ៉ុបនៅឆ្នាំដំបូង ដោយក្នុងអង្ករមួយតោនចំនួន១៧៥អឺរ៉ូ គិតចាប់ពីថ្ងៃ ទី១៩ ខែមករា ឆ្នាំ២០១៩មក។ ទោះបីជាការយកពន្ធលើការនាំចូលពីអង្ករកម្ពុជាក៏ដោយ ក៏ទីផ្សារអង្ករកម្ពុជា ក៏មិនមានស្ថានភាពប្រែប្រួលអ្វីដែរ ដោយក្រាន់ប្តូរពីការនាំចូលអង្ករសគ្រាប់វែង អង្ករចំហុយ និងអង្ករក្រអូប ទៅជាអង្ករក្រអូបវិញ ស្ទើរទាំងស្រុងទៅកាន់សហគមន៍អឺរ៉ុប ដែលអាចប៉ាន់ប្រមាណថា ទឹកប្រាក់ដែលបានពីការនាំចេញ ទៅសហគមន៍អឺរ៉ុបនេះ មាន ប្រហាក់ប្រហែលនឹងឆ្នាំ២០១៩។
ប្រភពដដែល បន្តទៀតថា ការនាំអង្ករចេញទៅកាន់ប្រទេសចិន ក្នុងខែមករា ឆ្នាំ២០២០នេះ ក៏បានថយចុះផងដែរប្រមាណជា៣៦៦៤តោន ឬ ស្មើនឹង២០ភាគរយ ហើយការថយចុះនេះ គឺបណ្តាលមកពីការប្រារព្ធពិធីចូលឆ្នាំថ្មីឆ្នាំចិននៅប្រទេសចិន ធ្វើឡើងនៅក្នុងមករា ឆ្នាំ២០២០ ដែលលឿនជាងការចូលឆ្នាំចិននៅឆ្នាំ២០១៩ នាដើមខែកុម្ភៈ។
ហេតុនេះហើយបានជាការធ្វើការបញ្ជាទិញ និងដំណើរការដឹកជញ្ជូនត្រូវឈប់សម្រាកក្នុងរយៈពេលជាមធ្យម ប្រមាណជា២សប្តាហ៍។ ចំណែកឯទីផ្សារអាស៊ានវិញឃើញថា មានការប្រែប្រួលខ្លះអាស្រ័យលើប្រទេសជិតខាង ដូចជាប្រទេសថៃ និងវៀតណាម។ សហព័ន្ធស្រូវអង្ករកម្ពុជាបានបញ្ជាក់បន្ថែមទៀតថា ទីផ្សារចម្បងរបស់កម្ពុជា គឺប្រទេសម៉ាឡេស៊ី និងព្រុយណេ ដែលមិនមានការប្រែប្រួលខ្លាំងនោះទេគឺ នៅរក្សាបានស្ថានភាពល្អ មានលំនឹងនៅឡើយ។ រីឯទីផ្សារផ្សេងៗទៀត បានកើនឡើងប្រមាណ៤០% ក្នុងនោះប្រទេសកាប៉ុង នៅតែបន្តនាំមុខដដែល ស្របពេលជាមួយគ្នានោះ ប្រទសអូស្ត្រាលី បានបង្កើនល្បឿននាំចូលអង្ករច្រើនពីកម្ពុជាគួរឱ្យកត់សម្គាល់ផងដែរ៕