បុរសដែលចូលម៉ាស្សា រួមភេទអត់ឲ្យលុយ ហើយបាញ់គំរាម ៦គ្រាប់ ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន នៅកោះកុង

0

ភ្នំពេញ៖ បុរសជាមន្ត្រីយោធាម្នាក់ ដែលបាញ់រះចំនួន ៦គ្រាប់ នៅហាងម៉ាស្សា​មួយកន្លែង​ យីហោ​ លីលី​ ស្ថិតក្នុងភូមិចំការឪឡឹកទី១​ សង្កាត់កាកាបទី២​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ កាលពីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ក្រោយពីរូបគេចូលម៉ាស្សា និងរួមភេទអត់ឲ្យលុយខាងស្រីត្រឹមតែ ២៥ដុល្លារនោះ ត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ​ សហការជាមួយកម្លាំងអាវុធហត្ថ​ រាជធានីភ្នំពេញ​តាមចាប់ខ្លួនបានហើយ នៅស្រុកស្រែអំបិល​ ខេត្តកោះកុង​ កាលពីវេលាម៉ោង៤​ ល្ងាច ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ ។

តាមប្រភពព័ត៌មានពី កម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា​ ក្រោយពីខ្មាន់កាំភ្លើងជាមន្ត្រីយោធាម្នាក់ បានបាញ់រះចំនួន ៦គ្រាប់ នៅហាងម៉ាស្សាមួយកន្លែងយីហោ​ លីលី​ ភូមិចំការឪឡឹក​ សង្កាត់កាកាបទី២​ ហើយព្យាយាមគេចខ្លួនបាត់ ។ បន្ទាប់មកកម្លាំងក៏បានចុះទៅដល់ ចំណុចកើតហេតុសួរនាំ ដើម្បីកំណត់មុខសញ្ញា និងងាយស្រួលតាមចាប់ ខ្មាន់កាំភ្លើងយកមកដាក់ទោសតាមច្បាប់ ។

រហូតមកដល់វេលាម៉ោង ៤ល្ងាចថ្ងៃទី៦​ ខែកុម្ភៈ ​ឆ្នាំ២០២០​ កម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានសហការជាមួយកម្លាំង អាវុធហត្ថរាជធានី​ បានធ្វើការស្រាវជ្រាវរហូត ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ បាននៅស្រុកស្រែអំបិល​ ខេត្តកោះកុង ។ ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានកម្លាំងអាវុធហត្ថរាជធានី យកទៅសួរនាំរង់ចាំចាត់ការតាមច្បាប់ ៕