មេប៉ូលិសលើផ្ទៃប្រទេសអំពាវនាវដល់អភិបាលរាជធានី-ខេត្តទាំងអស់ត្រូវចូលរួមរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក

0

ភ្នំពេញ៖ នាយឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុ គណៈកម្មការទី២ នៃ គ.ស.ច.គបានធ្វើការអំពាវនាវទៅដល់អភិបាលរាជធានី-ខេត្តទាំងអស់ត្រូវបន្ដចូលរួមពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅកម្ពុជាដែលស្របទៅនឹងអនុសាសន៍របស់សម្តេចក្រឡាហោម ស ខេង ថា “ឆ្នាំ២០២០នេះគឺជាឆ្នាំរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក”ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍អោយនៅកំរិតទាបបំផុត។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ផែនការ សកម្មភាពការរឹតបន្តឹងអនុវត្តច្បាប់ ស្តីពី ចរាចរផ្លូវគោក ឆ្នាំ២០២០ នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន មានក្ដីសង្ឃឹមថា នៅឆ្នាំ២០២០នេះ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅកម្ពុជា នឹងមានការថយចុះក្រោយពីគ្រប់ភាគីពាក់ព័ន្ធចូលរួម អនុវត្តរឹតបន្ដឹងច្បាប់ចរាចរណ៍ទាំងអស់គ្នា។

ព្រមជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍បានផ្ដាំផ្ញើទៅអភិបាល រាជធានី-ខេត្តទាំងអស់លើចំនុចមួយចំនួនរួមមាន ៖ទី១-ត្រូវពង្រឹងតួនាទីដឹកនាំ អ្នកអនុវត្តរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ,ទី២-ពិនិត្យដោះស្រាយដាក់ចេញវិធានការកែលម្អ សណ្ដាប់ធ្នាប់សាធារណៈ ,ទី៣-ចាត់ វិធានការគ្រប់គ្រង ទ្រុងផ្លូវ និងចញ្ចឹមផ្លូវ ,ទី៤-អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ,ទី៥-ចាត់តាំងផ្សព្វផ្សាយដល់មន្ដ្រីរាជការ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យយល់ដឹងកាន់តែច្បាស់ថែមទៀត ,ទី៦-អភិបាល រាជធានី-ខេត្ត ចាត់តាំងអភិបាលរងខេត្តមួយរូប ដើម្បីប្រចាំការ ជុំវិញស្ថានភាពច្បាប់ចរាចរណ៍ ,ទី៧-អភិបាល រាជធានី-ខេត្ត ត្រូវអនុអនុវត្តវិន័យច្បាប់ ,ទី៨- អភិបាល រាជធានី-ខេត្ត ធ្វើរបាយការណ៍តាមការកំណត់ និងទី៩-អភិបាល រាជធានី-ខេត្ត ត្រូវរៀបចំកិច្ចប្រជុំដកពិសោធន៍ តាមពេលវេលាកំណត់៕