ប្រធានរដ្ឋឡាវនឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃជួបជាមួយថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា

0

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា លោក ប៊ុនញ៉ាំង វរជីត (Bounnhang VORACHITH) អគ្គលេខាធិការនៃ គណៈកម្មាធិការមជ្ឈឹមបក្ស ប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋនៃ សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ៩ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី៦ កុម្ភៈនេះ បានឲ្យដឹងថា ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក ប៊ុនញ៉ាំង វរជីត នឹងចូលគាល់ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងព្រះបរមរាជវាំង។
លោក ប៊ុនញ៉ាំង វរជីត នឹងមានជំនួបដោយឡែកពីគ្នាជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។

ក្នុងអំឡុងពេលស្នាក់នៅប្រទេសកម្ពុជា លោក ប៊ុនញ៉ាំង វរជីត នឹងអញ្ជើញដាក់កម្រងផ្កា នៅវិមានឯករាជ្យនិងគោរពព្រះវិញ្ញាណក្ខ័ន្ធ នៅមណ្ឌបព្រះករុណាព្រះបាទ សម្ដេចព្រះនរោត្ដមសីហនុ ព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ប៊ុនញ៉ាំង វរជីត គឺជាព្រឹត្តិការណ៍ដ៍មានអត្ថន័យ ជ្រាលជ្រៅបន្ថែមទៀត ដើម្បីពង្រឹងភាពជាដៃគូ យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ក៏ដូចជា រឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសនិងប្រជាជន ដែលជាអ្នកជិតខាងល្អទាំងពីរ ឲ្យកាន់តែប្រសើរឡើងថែមទៀត ៕