បាត់ដំបង៖យោងទៅតាមផេក ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងនៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ឲ្យដឹងថា ជនសង្ស័យដែលបង្កហិង្សាទៅលើជនពិការ ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួនបានហើយ។
ផេកខាងលើ បានឲ្យដឹងថា ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមជម្រាបជូនសាធារណៈជនពិសេសអ្នកនិយមប្រើប្រាស់បណ្តាញព័ត៌មានសង្គមបានជ្រាបថា នៅវេលាព្រឹកថ្ងៃទី៣១ ខែ មករាឆ្នាំ២០២០នេះតាមបទបញ្ជារបស់ឯក ឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទ័ណ្ឌ បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ កែវ ព្រឿន ហៅខ្នួច ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិអ្នក តាទ្វារ ឃុំឫស្សីក្រាំង ស្រកមិងឫស្សី ខេត្តបាត់ដំបង មានភារកិច្ចជា(ប្រជាការពារឃុំឬស្សីក្រាំង)ដើម្បីធ្វើការស្រាវជ្រាវតាមជំនាញ ហើយ។
ផេកខាងលើបានបន្តថា បើករណីស្រាវជ្រាវរកឃើញនូវអំពើល្មើសច្បាប់របស់គាត់ដោយពិតប្រាកដនោះ សមត្ថកិច្ចនគរបាលនឹងកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តទៅតាមផ្លូវច្បាប់។
សូមជម្រាបជូនថាកាលពីថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០២០ មានករណីហិង្សាដោយចេតនាមួយបានកើតឡើងបង្កដោយឈ្មោះ កែវ ព្រឿន ហៅខ្នួច ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិអ្នកតាទ្វារ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង មាន ភារកិច្ចជា(ប្រជាការពារឃុំឬស្សីក្រាំង)ដែលករណីហិង្សានេះបានបណ្តាលឲ្យបុរសវ័យចំណាស់ ឈ្មោះ ហ៊ុន ខុម ភេទប្រុស អាយុ៥៧ឆ្នាំរស់នៅភូមិ ឃុំខាងលើទទួលរងរបួសធ្ងន់ធ្ងរត្រូវបានក្រុមគ្រួសារនាំទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តពោធិសាត់ ។
នៅពេលនេះឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានលើកឡើងថា រាល់អំពើល្មើសច្បាប់ មិនថាអ្នកនោះជាប្រជាពលរដ្ឋ ឬជាសមត្ថកិច្ចអ្វីក៏ដោយត្រូវតែនាំខ្លួនទៅទទួលទោសកំហុសដែលខ្លួនបានប្រព្រឹត្តិនៅចំពោះមុខច្បាប់ ។ ជាមួយនេះឯកឧត្តមស្នងការសូមគោរពថ្លែងអំណរគុណចំពោះការចូលរួមសហការណ៍ពីសាច់ញាតិ ក្រុមគ្រួសារជនរងគ្រោះ ព្រមទាំងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ដែលបានចូលរួមសហការណ៍ជាមួយសមត្ថកិច្ចនគរបាលស្ទើរគ្រប់បញ្ហាដែលកើតមានក្នុងមូលដ្ឋាន ហើយឯកឧត្តមនៅតែបន្តអំពាវនាវឲ្យមានការចូលរួមពីសាធាណ:ជនបានច្រេីននិងផុលផុសថែមទៀតដេីម្បីសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមទាំងមូល ដោយក្តីគោរពរាប់អានបំផុត៕