ភ្នំពេញ៖ ក្នុងពិព័រណ៍ថៃ នៅក្រុងតាខ្មៅមានដាក់លក់ទំនិញពុំមានផ្លាកសញ្ញា និងកាលបរិច្ឆេទប្រើប្រាស់ត្រឹមត្រូវ ភ្នំពេញ៖ នៅថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២០ មន្ត្រីសាខាកាំកុងត្រូលខេត្តកណ្តាល ដោយមានកិច្ចសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញ ដែលដាក់តាំងលក់នៅក្នុងពិព័រណ៍ថៃ នៅក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្នុងការត្រួតពិនិត្យ មន្រ្តីជំនាញបានធ្វើការវិភាគបឋមទៅលើម្ហូបអាហារមួយចំនួនដូចជា៖ សាច់ប៉ាតេ ប្រហិតសាច់គោ បង្កាស្រស់ និងគុយទាវ ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារបានជាច្រើនមុខទៀតផងដែរ។
យោងតាមអគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញទំនិញជា នំ និងតំណាប់ផ្លែឈើជាប្រអប់តូច ដែលគ្មានផ្លាកសញ្ញា និងកាលបរិច្ឆេទប្រើប្រាស់ត្រឹមត្រូវ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញ បានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕