ភ្នំពេញ ៖ ជនជាតិចិន២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រាវជ្រាវចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណីឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅលើជនជាតិចិនដូចគ្នាម្នាក់បណ្តាលឲ្យស្លាប់កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៨និង៣០នាទី នៅចំណុចសហគ្រាស ឌី លី ស៊ី ស្វីតឯ.ក ឋិតក្នុងភូមិជ្រៃមង្គល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ ឡូ ឈានភីង (Liu janping)ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខG45636660 ត្រូវជនដៃដល់ទារុណកម្មហើយបានស្លាប់នៅក្នុងរថយន្ត ។
ជនសង្ស័យ២នាក់ ១-ឈ្មោះ SONG WEIGUANG ភេទប្រុស អាយុ៣៥ឆ្នាំ កាន់លិខិតឆ្លងដែនលេខEF 1326395 និង២-ឈ្មោះ BI CHUNNIAN ភេទប្រុស អាយុ៤៧ឆ្នាំ ។ ជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានជាមួយ រថយន្ត០១ គ្រឿងនៅវេលា ម៉ោង១៣និង២១នាទី ថ្ងៃទី២១ ខែមករានេះ ។ ក្នុងនោះចាប់យកវត្ថុតាង ខ្នោះចំនួន០១ និងស្បែកជើងប៉ាតា១គូ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះត្រូវជនសង្ស័យវាយបណ្តាលឲ្យមានស្នាមឈាមជាប់នៅនឹងឥដ្ឋការ៉ូនៅកន្លែងកើតហេតុ បន្ទាប់មកស្លាប់នៅលើរថយន្តរបស់ជនសង្ស័យដោយការធ្វើទារុណកម្ម ។
តាមការឲ្យដឹងពីអ្នកបកប្រែបាននិយាយថា មុនពេលកើតហេតុ ខ្លួនកំពុងនៅមុខឃ្លាំង ហើយជនរងគ្រោះជាថៅកែរបស់ខ្លួននៅក្នុងបន្ទប់ ពេលនោះមានមានរថយន្ត១គ្រឿងម៉ាក LEXUS LX 470 ពណ៌កាម៉ៃ (ស) ពាក់ស្លាកលេខភ្នំពេញ 2L-8689 បើកដោយជនជាតិចិន០២នាក់មកដល់ចុះពីរថយន្តដើរដើរចូលទៅក្នុងបន្ទប់ជនរងគ្រោះហើយទាញទ្វារបិទ និងវាយទៅលើជនរងគ្រោះយ៉ាងសន្ធាប់ ។ បន្ទាប់មកលើកជនរងគ្រោះដាក់ចូលឃ្លុបឡាន ដោយមានចងនឹងខ្សែ រួចបើករថយន្តចេញទៅ បន្សល់ទុកខ្នោះដៃ១នៅលើតុក្នុងបន្ទប់ ។
ករណីនេះ កម្លាំងជំនាញខេត្ត ស្រុក ប៉ុស្តិ៍រដ្ឋបាល សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ នាយកដ្ឋាននគរបាលបច្ចេក និងវិទ្យាសាស្ត្រ កំពុងបន្តចាត់ការតាមនីតិវិធី ៕