ភ្នំពេញ៖ ក្រោយលោក ជាវ តាយ អភិបាលខេត្តកំពត បញ្ជាឲ្យបញ្ឈប់សកម្មភាពភ្លាៗ នៅថ្ងទី២០ ខែ មករា ឆ្នាំ ២០២០នេះ ក្រុមឈ្មួញទុច្ចរិត បាននាំគ្រឿងចក្រ ទៅកាយដីដែលរំលោភចូលដែនសហគមន៍នេសាទ ព្រែកត្នោតចេញវីជាបណ្ដើរៗៗហើយ។
តាមសេចក្ដីរាយការណ៍នានាបានឲ្យដឹងថា នៅព្រឹកស្អែកនេះក្រុមការងារថ្នាក់ខេត្ត និងនឹងចុះទៅត្រួតពិនិត្យករណីកាយដីចេញពីសមុទ្រនេះ។
ក្រោយបានចុះត្រួតពិនិត្យ ដោយផ្ទាល់ជាមួយ លោក អេង ជាសាន អគ្គនាយក នៃអគ្គនាយកដ្ឋាន រដ្ឋបាលជលផល នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០នេះ លោក ជាវ តាយ អភិបាលខេត្តកំពត បានបញ្ជាឲ្យបញ្ឈប់ ជាបន្ទាន់ ករណីចាក់ដី រំលោភដែនសហគមន៍នេសាទ ព្រែកត្នោត។
គួរកត់សម្គាល់ថា ក្រោយលឺដំណឹង អភិបាលខេត្តកំពត និងមន្រ្តីជំនាញក្រសួងកសិកម្ម ចុះត្រួតពិនិត្យករណីចាក់ដី ចូលសមុទ្រដោយផ្ទាល់ភ្លាមៗ នោះក្រុមរថយន្ត ពាក់ស្លាកលេខខេមរភូមិន្ទ ដែលដឹកដីចាក់លុបសមុទ្រ បានបើករថយន្ត គេចខ្លួនអស់រលីង ។
ប្រភពព័ត៌មាននានាបានឲ្យដឹងបន្ថែមថា ការចាក់ដីនេះអាចដំណើរការបានរលូន ដោយសារមាន ការយកឈ្មោះមន្រ្តីរាជរដ្ឋាភិបាល និងរដ្ឋលេខាធិការក្រសួង ដែលមានឥទ្ធិពលមួយ មកបាំងមុខ។ អ្វីដែលគួរឲ្យកត់សម្គាល់ នោះការចាក់ដីរំលោភ យកដែនសហគមន៍នេសាទ ព្រែកត្នោតនេះ មានការប្រើប្រាស់ ឡានពាក់ស្លាកលេខខេមរភូមិន្ទ ផងដែរ។
គូសបញ្ជាក់ថា ខេត្តកំពត មានសហគមន៍ទេសចរណ៍ចំនួន ៤កន្លែង ដែលកំពុងដំណើរការ នាពេលបច្ចុប្បន្ន មានដូចជាសហគមន៍ ទេសចរណ៍ព្រែកត្នោត ( អន្លង់ធំ ) សហគមន៍ទេសចរណ៍ ត្រពាំងសង្កែ សហគមន៍ទេសចរណ៍ កំពង់សាមគ្គី និងសហគមន៍ ទេសចរណ៍បឹងអន្លង់ព្រីង ។ សហគមន៍អេកូទេសចរណ៍ ព្រែកត្នោត មានទីតាំងស្ថិតនៅភូមិព្រែកក្រែង ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត៕