មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ ស្ថា​ន​ភា​ព​គុ​ណ​ភា​ព​ខ្យ​ល់​នៅ​ក​ម្ពុ​ជា ​មិ​ន​ទា​ន់​ឈា​ន​ដ​ល់​ក​ម្រិ​ត​ប៉ះ​ពា​ល់​ដ​ល់​សុ​ខ​ភាព​គួរឱ្យ​ព្រួ​យ​បា​រម្ភ​ឡើយ​

0

ភ្នំពេញ៖ ក្រោយពីសាធារណជនបានសម្ដែងការព្រួយបារម្ភ ក្រែងប៉ះពាល់ដល់សុខភាព ស្របពេលដែលគុណភាពខ្យល់ធ្លាក់ចុះនោះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន នៅល្ងាច ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ នេះបានចេញមុខអះអាងថា រហូតមកទល់ពេលនេះ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា មិនទាន់ឈានដល់កម្រិតប៉ះពាល់ដល់សុខភាព គួរឱ្យព្រួយបារម្ភនៅឡើយទេ បើទោះជាលទ្ធផល នៃការអង្កេតតាមដានគុណភាពខ្យល់ បង្ហាញថាកំហាប់ភាគល្អិតនិចល PM 2.5 មានការប្រែប្រួលកើនឡើង។
លោកបន្ថែមថា មន្ត្រីក្រសួងបរិស្ថានបាននិងកំពុងតាមដាន យ៉ាងយកចិត្តលើការ បម្រែបម្រួល នៃស្ថានភាពកំហាប់ប៉ារ៉ាម៉ែត្រភាគល្អិតនិចល PM10 និង PM2.5 នៅក្នុងខ្យល់នៅរាជធានី ភ្នំពេញ និងនៅតាមបណ្តាខេត្តនានា នៅទូទាំងប្រទេសកម្ពុជា។
យោងតាមលទ្ធផលនៃការអង្កេតតាមដានគុណភាពខ្យល់ ពីស្ថានីយត្រួតពិនិត្យគុណភាពខ្យល់ ដែលក្រសួងបរិស្ថាន បានដំឡើងនៅ រាជធានី ខេត្តទូទាំងប្រទេស បានបង្ហាញថា ស្ថានភាពភាពគុណភាពខ្យល់មានការធ្លាក់ចុះជាពិសេស កំហាប់ប៉ារ៉ាម៉ែត្រភាគល្អិតនិចល PM 10 និង PM 2.5 មានការកើនឡើងលើសកំណត់ស្តង់ដា ដែលជាហានិភ័យ បង្កការប៉ះពាល់ចំពោះសុខភាពសាធារណៈ ហើយចាំបាច់ត្រូវចាត់វិធានការដើម្បីទប់ស្កាត់ ការបំពុលខ្យល់នេះ។ ដើម្បីការពារសុខភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានផ្តល់អនុសាសន៍ដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ឬជាអ្នកដែលធ្វើការនៅខាងក្រៅអគាររយៈពេលយូរ គួរតែពាក់ម៉ាស់ការពារ។
រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានថ្លែងថា ក្រសួងបរិស្ថាននឹងធ្វើការជូន ដំណឹងជាបន្តបន្ទាប់ នូវការវិវឌ្ឍថ្មីៗទាក់ទងនឹងស្ថានភាពគុណភាពខ្យល់នេះ ដើម្បីបងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការអនុវត្តវិធានការការពារ ឱ្យបានទាន់ពេលវេលា។
លោកបានបន្តឱ្យដឹងថា ក្រសួងបរិស្ថានបានបង្កើតស្ថានីយតាមដានគុណភាពខ្យល់ច្រើនកន្លែង ក្នុងរាជធានីភ្នំពេញ និង នៅតាមបណ្តាខេត្តនានា របស់ប្រទេសកម្ពុជា ដែលម៉ាស៊ីនតាមដាននេះមានជាបច្ចេកវិទ្យាទំនើប និងមានគុណភាពប្រសិទ្ធភាព ក្នុងការផ្តល់ទិន្នន័យច្បាស់លាស់ពីគុណភាពខ្យល់។
លោក នេត្រ ភក្ត្រា បានថ្លែងឱ្យដឹងថាកំហាប់ភាគល្អិតនិចល PM2.5 នៅក្នុងរាជធានីភ្នំពេញ រហូតមកដល់ល្ងាចថ្ងៃទី១៧ ខែមករា នេះ មានការប្រែប្រួលចន្លោះពី ៤៩ ដល់ ៨០ និងនៅខេត្តខ្លះប្រែប្រួលនៅកម្រិតក្រោម ១០០ ខណៈស្តង់ដារនៃ គុណភាពខ្យល់ដែលមានកំណត់ត្រឹម៥០។ លោករដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថាការផ្សព្វផ្សាយព័ត៌មានទាំងឡាយ ទាក់ទងនឹងស្ថានភាពគុណភាពខ្យល់របស់ប្រទេសកម្ពុជា ដែលមិនចេញពីប្រភពក្រសួងបរិស្ថានជាព័ត៌មានមិនផ្លូវការទេ។
លោក នេត្រ ភក្ត្រា បានថ្លែងថា ការកើនឡើងកំហាប់ភាគល្អិតនិចល PM2.5 ក្នុងខ្យល់នេះមិនមែនមាននៅតែព្រះរាជាណាចក្រកម្ពុជាទេ ប៉ុន្តែនិន្នាការនៃកំណើននេះមាននៅក្នុងបណ្តាប្រទេសផ្សេងទៀត នៅក្នុងតំបន់ដោយសារតែអាកាសធាតុនៃអនុតំបន់ទន្លេមេគង្គ មានភាពស្ងួតហួតហែង។
រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះបានឱ្យដឹងថា ប្រភពនិងសកម្មភាពសំខាន់ៗដែលជា ហេតុបង្កឱ្យមានកំហាប់ភាគល្អិតនិចល PM2.5 មានការកើនឡើងនេះមានជាអាទិ៍ ការបញ្ចេញផ្សែងពីរោង ចក្រឧស្សាហកម្ម ពីយានយន្តប្រើប្រាស់ប្រេងម៉ាសូតនិងពីចំហេះឥន្ធនៈ ផ្សេងទៀត ភ្លើងឆេះព្រៃ ការដុតរានព្រៃ ការដុតវាលស្មៅ ការដុតគល់ជញ្ជ្រាំង ការដុតសំរាម ការដុតសំណល់រឹងនៅតាម ទីចំហ និងទីលានចាក់សំណល់ ការដ្ឋានសំណង់ជាដើម។ តាមមន្ត្រីបច្ចេកទេសក្រសួងបរិស្ថាន ដែលបានធ្វើការតាមដានគុណភាពខ្យល់ ប្រភពបំពុលសំខាន់ៗ ដែលនាំឱ្យមានការកើនឡើង យ៉ាងខ្លាំង នូវកំហាប់ភាគល្អិតនិចលក្នុងខ្យល់ PM2.5 នាដើមរដូវប្រាំងឆ្នាំនេះក្នុងរាជធានីភ្នំពេញ គឺ បណ្តាលមកពីប្រភពបំពុល សំខាន់៖ ៧០% មកពីការបញ្ចេញពីយានយន្តប្រើប្រាស់ ប្រេងឥន្ធនៈ ដែលមានកំហាប់ស្ពាន់ធ័រខ្ពស់២០% ពីធូលីចេញពីការដ្ឋានសំណង់និងរោងចក្រលាយបេតុង ១០% មកពីប្រភពផ្សេងៗរួមមាន៖ ការដុតសំរាមនៅតាមលំនៅដ្ឋាន ធូលីដីនៅតាមដងផ្លូវ ការបញ្ចេញពីរោងចក្រ និងសិប្បកម្មជាដើម។
ដោយពិនិត្យឃើញនូវបញ្ហាបែបនេះ និងដើម្បីកែលម្អគុណភាពខ្យល់នៅតាមរាជធានី ខេត្ត នៅល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២០ នេះ ក្រសួងបរិស្ថានបានចេញសេចក្តីជូនដំណឹងដល់មន្ទីរបរិស្ថាន រាជធានីខេត្ត ត្រូវសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ អនុវត្តវិធានការមួយចំនួន រួមមាន៖

១-ត្រូវចាត់វិធានការទប់ស្កាត់ភ្លើងឆេះព្រៃ និងការដុតសំរាម សំណល់រឹងនៅតាមទីចំហ ការឆេះនៅតាមទីលានចាក់សំរាម។ ២-ត្រូវចាត់វិធានការទប់ស្កាត់ការហុយធូលីពីការដ្ឋានសំណង់ និងការដ្ឋានកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងធូលីហុយនៅតាមដងផ្លូវ។

៣-សម្អាតអនាម័យនៅតាមដងផ្លូវ និងទីសាធារណៈ។

៤-ចុះអប់រំប្រជាពលរដ្ឋកុំឱ្យដុតសំរាម សំណល់រឹង ការដុតស្មៅ គល់ជញ្ជ្រាំង និងសំណល់កសិកម្មផ្សេងៗទៀត៕