មិន​ទាន់​កំណត់​អត្តស​ញ្ញាណ​យន្តហោះ ដ្រូនខ្នាតធំ ដែល​ធ្លាក់​នៅ​ខេត្ត​កោះ​កុង​នៅ​ឡើយ

0

ភ្នំពេញ៖ ក្រោយមានការប្រទះឃើញយន្តហោះដ្រូនខ្នាតធំ ១គ្រឿងដែលធ្លាក់នៅវាលព្រៃមួយកន្លែង ក្បែរផ្ទះសម្បែងពលរដ្ឋ ក្នុងភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ស្នងការនគរបាលខេត្តកោះកុង អះអាងថាក្រុមការងារជំនាញនៅតែមិនទាន់ អាចកំណត់អត្តសញ្ញាណដ្រូននោះបាននៅឡើយទេ ពោលគឺកំពុងបន្តការស្នើគោលការណ៍អង្គភាពស៊ីម៉ាក់ និងកងទ័ពជើង អាកាស ពិនិត្យមើលស្រាវជ្រាវលក្ខណៈបច្ចេកទេស។
គិតមកទល់ម៉ោង ៥ល្ងាច ថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២០ លោក សំឃិត វៀន ស្នងការនគរបាលខេត្តកោះកុង បានឱ្យដឹងថា ត្បិតកម្លាំងសមត្ថកិច្ចមកពីអគ្គស្នងការនគរបាលជាតិ ចុះមកទីតាំងកើតហេតុពិនិត្យហើយក៏ដោយ ក៏សមត្ថកិច្ចប៉ូលិស មិនទាន់អាចកំណត់ ឬបញ្ជាក់អំពីប្រភពអត្តសញ្ញាណនៃយន្តហោះដ្រូនទំហំជិត ១០ម៉ែត្របានទេ ។
បើតាមលោកស្នងការនគរបាលខេត្តកោះកុង ក្រោយការពិគ្រោះយោបល់គ្នា អគ្គស្នងការនគរបាល ស្នើសុំទៅមន្ត្រីអង្គភាព ស៊ីម៉ាកមកជួយពិនិត្យ ស្វែងរកសារធាតុជាតិផ្ទុះ ណាមួយដើម្បីការពារសុវត្ថិភាពវិនិច្ឆ័យ ។
នៅពេលស្វែងរកជាតិផ្ទុះក្នុងយន្តហោះដ្រូននេះរួចរាល់ហើយ បើមិនថាមិនបញ្ហាអ្វីទេ គឺរដ្ឋបាលសមត្ថកិច្ចខេត្ត និងអគ្គស្នងការសុំកិច្ចអន្តរាគមន៍ ពីកងទ័ពជើងអាកាសថែមទៀត នៃក្រសួងការពារជាតិ សម្រាប់ដោះបំណែកដ្រូន យកទៅរាជធានីភ្នំពេញ ស្រាវជ្រាវបន្តនៅ ថ្ងៃទី ១៨ ខែមករា ។ ដូច្នេះសមត្ថកិច្ចនៅតែបន្តយាមការពារទីតាំងកើតហេតុ ដដែល មិនទាន់ទទួលបានលទ្ធផលណាមួយទេ ។
គួរជម្រាបថា ពលរដ្ឋម្នាក់ឈ្មោះ ប៊ុត សូណែត ជាអ្នករស់នៅភូមិកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង បានប្រទះឃើញ យន្តហោះដ្រូន ១គ្រឿង ទំហំ ៩,៧០ម៉ែត្រ បានធ្លាក់នៅវាលស្មៅ ក្បែរផ្ទះកាលពីវេលាម៉ោង ៦ល្ងាច ថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២០ ហើយក៏បានរាយការណ៍ទៅសមត្ថកិច្ច ចុះមកពិនិត្យបន្ទាន់ ៕