ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុលើកឡើងថា កាលពីថ្ងៃពុធថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៦:៣០នាទីព្រឹក មន្រ្តីឧទ្យានុរក្សប្រចាំការនៅក្នុងតំបន់ឧទ្យានជាតិព្រះសីហនុ”រាម”បានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកព្រៃនប់ និងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចុះធ្វើការទប់ស្កាត់ការកាប់ទន្ទា្រន រុករានយកដីព្រៃ ធ្វើជាកម្មសិទ្ធិនិងរុះរើខ្ទមអនាធិបតេយ្យដែលបានសង់រំលោភយកដីនៅក្នុងតំបន់ការពារធម្មជាតិក្នុងដែនឧទ្យានជាតិព្រះសីហនុ”រាម” ត្រង់ចំណុចខាងលិចក្បាលព្រែកកោះខ្យង ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាក់ថា” ក្នុងកំឡុងពេលនៃការចុះអនុវត្តការរុះរើ ក្រុមជនអនាធិបតេយ្យទាំងនោះ បានប្រើហិង្សាមកលើក្រុមការងារ ដោយប្រើប្រាស់ កាំភ្លើងច្នៃ កាំបិត ពូថៅ ដំបង ដុំថ្ម ជំពាមកៅស៊ូ និងដបសាំង បាញ់ វាយ កាប់ និងគប់ បណ្តាលឱ្យសមត្ថកិច្ចយើងចំនួន៣នាក់រងរបួសធ្ងន់”៕


