ភ្នំពេញ៖ ក្រុមអ្នកអភិរក្សមកពីសហគមន៍នេសាទ រដ្ឋបាលជលផល និងអង្គការ WC បានរកឃើញសំបុកសត្វកន្ធាយក្បាលកង្កែបឬល្មិចចំនួន ១៣សំបុក សរុបស្មើ ៤៤៤ពង នៅលើឆ្នេរខ្សាច់តាមបណ្តោយដងទន្លេមេគង្គក្នុងខេត្តក្រចេះ ចាប់តាំងពីដើមរដូវពងកូន ក្នុងចន្លោះពីខែវិច្ឆិកា ឆ្នាំ ២០១៩ ដល់ខែមករា ឆ្នាំ២០២០។
យោងតាមអង្គការ WCS បានឲ្យដឹងបន្ថែមថាកន្ធាយក្បាលកង្កែបឬល្មិច (ឬឈ្មោះវិទ្យាសាស្ត្រហៅថា Pelochelys cantorii) ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់ IUCN ថាជាប្រភេទកំពុងទទួលរងការគំរាមកំហែងជាសកល។ កន្ធាយប្រភេទនេះ ត្រូវបានគេគិតថា បានផុតពូជហើយនៅតាមដងទន្លេមេគង្គក្នុងប្រទេសកម្ពុជា ក៏ប៉ុន្តែក្នុងឆ្នាំ២០០៧វត្តមានកន្ធាយប្រភេទនេះត្រូវបានរកឃើញសាជាថ្មីនៅក្នុងដែនទឹកនៃដងទន្លេមេគង្គប្រវែង ៤៨គ.ម ចន្លោះពីខេត្តក្រចេះ ដល់ ខេត្តស្ទឹងត្រែង ដោយអង្គការអភិរក្សអន្តរជាតិ និងរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
គូសបញ្ជាក់ថាកម្មវិធីការពារសំបុកអណ្តើកត្រូវបានអនុវត្តដោយអង្គការWCSសហការជាមួយសហគមន៍នេសាទនានាស្ថិតនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ និងស្រុកសៀមបូក ខេត្តស្ទឹងត្រែង និងរដ្ឋបាលជលផល ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីសហភាពអឺរ៉ុប ម៉ាហ្គារេត ខាហ្គីល (Margaret A. Cargill Philanthropies), ឧទ្យានសត្វព្រៃសឹង្ហបុរី (Wildlife Reserves Singapore), និង Turtle Survival Alliance៕