ភ្នំពេញ៖ក្រោយពីមានព័ត៌មានប្រឌិតបំពុលសង្គមថានគរបាលខណ្ឌជ្រោយចង្វារយកថ្នាំញៀនដាក់ក្នុងហោប៉ៅខោជនសង្ស័យក្នុងគោលបំណងធ្វើស៊ីឆៅនោះក្រុមព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចេញប្រតិកម្មបកស្រាយបំភ្លឺ រូបភាពព៌ណស តូចនោះ មិនមែនជាគ្រឿងញៀន នោះទេ វាគឺជាដែកកេះរបស់ជនសង្ស័យដែលមានពណ៌ស ។
ជុំវិញបញ្ហានេះអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បំភ្លឺឱ្យដឹងថាកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ នគរបាលនៃអធិការដ្ឋានខណ្ឌជ្រោយចង្វារបានចេញប្រតិបត្តិការចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅក្នុងភូមិសាស្ត្រខណ្ឌជ្រោយចង្វារ ដើម្បីរក្សាសុវត្ថិភាពនៃការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។ នៅពេលនោះមានយុវជន២នាក់ បានជិះម៉ូតូ១គ្រឿងជិតមកដល់គោលដៅត្រួតពិនិត្យរបស់សមត្ថកិច្ច ហើយក៏បានជិះម៉ូតូគេចពីគោលដៅត្រួតពិនិត្យ ដោយមានការសង្ស័យ កម្លាំងអន្តរាគមន៍ក៏បានដេញឃាត់បាន និងត្រួតពិនិត្យក៏រកឃើញដេកកេសពណ៌ស នៅជាប់ខ្លួនជនសង្ស័យ ហើយបានធ្វើតេស្ថទឹកនោមស្វែងរកសារធាតុញៀន ជាលទ្ធផលជនសង្ស័យមានផ្ទុកសារធាតុញៀន ។
ការផ្សព្វផ្សាយព័ត៌មាននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បានចោទប្រកាន់សមត្ថកិច្ចដែលកំពុងបំពេញភារកិច្ច រក្សាសន្តិសុខ សុវត្ថិភាព ខុសពីការពិតបែបនោះដែលមានអ្នកលេងហ្វេសប៊ុកមួយចំនួនមិនបានយល់ដឹងក៏នាំគ្នាស៊ែរចែកចាយព័ត៌មាននោះ ។
ទង្វើបែបនេះដែលជាហេតុបង្កឱ្យប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់សមត្ថកិច្ច រឺក៏មានចេតនាផ្សព្វផ្សាយព័ត៌មាន មានលក្ខណៈញុះញង់ឱ្យមានការស្អប់ខ្ពើមមកលើកងកម្លាំងនគរបាល គ្រាដែលកងកម្លាំងនគរបាលរាជធានីភ្នំពេញ បាននិងកំពុងបំពេញភារកិច្ចយ៉ាងខ្ជាប់ខ្ជួនគោរពវិន័យនគរបាលជាតិ គោរពច្បាប់ និងខិតខំប្រឹងប្រែងកិច្ចការងារការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ នាំមកនូវសុវត្ថិភាពជូនប្រជាពលរដ្ឋ ៕