ភ្នំពេញ៖លោក Emmanuel DIAS អ្នកគ្រប់គ្រងទូទៅ របស់គម្រោង Airaviata(AAT) Cambodia Regional Airlines Company និងជាអ្នកបើកយន្តហោះ (Pilot) ជនជាជាតិបារាំង មានបំណងចង់មកវិនិយោគទុនលើវិស័យអាកាសចរនៅខេត្តបាត់ដំបងដើម្បីទាក់ទាញអ្នកទេសចរបន្ថែមទៀត។នេះបើយោងតាមរដ្ឋបាលខេត្តបាត់ដំបង។
ក្នុងឱកាសចូលជួបពិភាក្សាការងារជាមួយលោក ងួន រតនៈអភិបាលខេត្តបាត់ដំបងកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ លោក Emmanuel DIASបង្ហាញអំពីគម្រោងមកវិនិយាគលើវិស័យអាកាសចរដឹកអ្នដំណើរដោយការហោះហើរជើងក្នុងស្រុក និងយន្តហោះប្រភេទខ្នាតតូចដើម្បីជួយជំរុញឲ្យវិស័យទេសចរណ៍នៅកម្ពុជា ក៏ដូចអ្នកទេសចរមកកាន់តែច្រើនក្នុងខេត្តបាត់ដំបង ។
ជាការឆ្លើយតប លោក ងួន រតនៈអភិបាលខេត្តបាត់ដំបង បានស្វាគមន៍ និងគាំទ្រចំពោះគម្រោងចង់វិនិយោគលើវិស័យនេះ ក៏ដូចជាធ្វើឲ្យព្រលានយន្តហោះខេត្តបាត់ដំបង មានដំណើរការឡើងវិញ។ជាពិសេសបើគម្រោងនេះទទួលបានជោគជ័យគឺងាយស្រួលដល់អ្នកធ្វើដំណើរ ជាពិសេសគឺភ្ញៀវទេសចរដែលធ្វើដំណើរបានលឿនទៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនទៀត៕



