ភ្នំពេញ៖ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង និងសម្របសម្រួលការងារគ្រប់គ្រងគ្រោះមហន្តរាយ ដែលអាចកើតមានឡើងជាយថាហេតុ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញសារាចរតម្រូវឲ្យក្រសួងស្ថាប័នរបស់រដ្ឋទាំងអស់បង្កើតយន្តការគ្រប់គ្រងគ្រោះមហន្តរាយ ។
នាយករដ្ឋមន្រ្តីចេញសារាចរបែបនេះក្រោយសង្កេតឃើញថា ក្រសួង ស្ថាប័នមួយចំនួនបានបង្កើតយន្តការគ្រប់គ្រងគ្រោះមហន្តរាយនៅក្នុងក្រសួង ស្ថាប័នរបស់ខ្លួនរួចហើយ ក៏ប៉ុន្តែនៅមានក្រសួង ស្ថាប័នមួយចំនួនទៀតមិន ទាន់បានបង្កើតយន្តការនេះនៅឡើយទេ។
យោងតាមសារាចរររបស់រាជរដ្ឋាភិបាលកម្ពុជាចុះថ្ងៃទី១៤មករាបានបញ្ជាក់ថា
អនុលោមតាមមាត្រា៨នៃច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយនិងដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងនិងសម្របសម្រួលការងារគ្រប់គ្រងគ្រោះមហន្តរាយរាជរដ្ឋាភិបាលសូមដាក់ចេញនូវវិធានការដូចខាងក្រោម៖
១៖ គ្រប់ក្រសួង ស្ថាប័នត្រូវបង្កើតឱ្យមានលេខាធិការដ្ឋាន គ្រប់គ្រងគ្រោះមហន្តរាយ ដែលជាយន្តការគ្រប់គ្រងគ្រោះមហន្តរាយ នៅក្នុងក្រសួង ស្ថាប័នរបស់ខ្លួន ដើម្បីបំពេញមុខងារជាសេនាធិការផ្ទាល់ដល់រដ្ឋមន្ត្រី និងប្រធានស្ថាប័នដែលជាអនុប្រធាន ឬជាសមាជិករបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយលើការងារដឹកនាំគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងវិស័យជំនាញរបស់ខ្លួន ដោយសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
២៖ គ្រប់ក្រសួង ស្ថាប័នត្រូវចាត់ឱ្យមានមន្ត្រីបង្គោល ដើម្បីសម្របសម្រួល និងធ្វើការប្រាស្រ័យទាក់ទង ជាប្រចាំជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ៕