បើកទំព័រប្រវត្តិសាស្រ្តថ្មី! ចិននាំឧស្ម័នធម្មជាតិចូលទីផ្សារកម្ពុជា​តាមកំពង់ផែក្រុងព្រះសីហនុ

0

ភ្នំពេញ៖ ជើងនាវាកុងតឺន័រដឹកជញ្ជូនឧស្ម័នធម្មជាតិរាវ(LNG)ចំនួន៥ធុង ចេញដំណើរពីកំពង់ផែភាគខាងជើងនៃប្រទេសចិនបានមកដល់កំពង់ផែក្រុងព្រះសីហនុប្រទេសកម្ពុជានាព្រឹកថ្ងៃទី១៤ ខែមករាឆ្នាំ២០២០ដោយជោគជ័យជាលើកដំបូង។ហើយនេះជាលើកដំបូងដែលប្រទេសចិនបាននាំចេញឧស្ម័នធម្មជាតិទៅកាន់ប្រទេសកម្ពុជាយ៉ាងជោគជ័យ ដោយតាមរយៈកិច្ចសហការគ្នារវាង ក្រុមហ៊ុន CNOOC Gas Power Group Co., Ltd ក្នុងប្រទេសចិន និងក្រុមហ៊ុនCambodian Natural Gas Co., Ltdក្នុងប្រទេសកម្ពុជា។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ស្ថានទូតចិនប្រចាំកម្ពុជាបានឲ្យដឹងថាស្ថិតនៅក្រោមការដឹកនាំនៃថ្នាក់ដឹកនាំទាំងពីរប្រទេស គោលនយោបាយ“ខ្សែក្រវាត់ និងផ្លូវ”ត្រូវបានកសាងកាន់តែស៊ីជម្រៅ និងជោគជ័យដោយចិន និងកម្ពុជា។ ក្រុមហ៊ុន CNOOC Gas Power Group Co., Ltdបានចាប់យកឱកាសថ្មីនៃ“ការចេញទៅក្រៅប្រទេស” ក៏បានសម្រេចនូវគម្រោងយុទ្ធសាស្ត្រក្នុងអាស៊ីអាគ្នេយ៍ ឯក្រុមហ៊ុនCambodian Natural Gas Co., Ltdបានសម្រេចនូវកិច្ចការដែលបានត្រៀមក្នុងដំណាក់កាលនៃការរក្សាទុក ការដឹកជញ្ជូន និងការលក់ជាដើម ដោយផ្អែកលើសមត្ថភាពជំនាញនៃក្រុមហ៊ុន CNOOC Gas Power Group Co., Ltd។ហើយភាគីទាំងពីរក៏បានចាប់ដៃគ្នាសម្រេចបាននូវការប្រើប្រាស់ឧស្ម័នធម្មជាតិរាវ(LNG)លើកដំបូងក្នុងប្រទេសកម្ពុជា បានចូលរួមបំពេញចន្លោះទីផ្សារថាមពលក្នុងកម្ពុជា នឹងជួយបើកទំព័រប្រវត្តិសាស្រ្តថ្មី នៃការប្រើប្រាស់ថាមពលដែលប្រកបដោយការការពារបរិស្ថានក្នុងកម្ពុជា៕