ភ្នំពេញ៖កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះដើម្បីការរៀបចំវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២១ (ATF2021) លើកទី៤០នៅរាជធានីភ្នំពេញ ក្រោមប្រធានបទ «អាស៊ាន សហគមន៍សន្តិភាព និងអនាគតតែមួយ»។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ។
យើងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍កាលពីថ្ងៃទី២៤ ខែធ្នូឆ្នាំ២០១៩និងទើបត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះបានឲ្យដឹងទៀតថា កម្ពុជានឹង ធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២១(ASEANTourism Forum-ATF 2021) លើកទី៤០នៅរាជធានីភ្នំពេញក្រោមប្រធានបទ អាស៊ាន៖ សហគមន៍សន្តិភាព និងអនាគតតែមួយ (ASEAN-A Community of Peace and Shared Future)ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១។
ក្រសួងទេសចរណ៍បានលើកឡើងទៀតថា វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២១ មានព្រឹត្តិការណ៍សំខាន់ៗ ដូចជា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន (ASEAN Tourism Ministers Meetings) កិច្ចប្រជុំស្ថាប័នជាតិទេសចរណ៍អាស៊ាន (ASEAN NTOS Meetings) និងកិច្ចប្រជុំពាក់ព័ន្ធ ព្រមទាំងកិច្ចប្រជុំផ្នែកឯកជន (ASEANTA Meetings) សិក្ខាសាលានានានិងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ (TRAVEX )។
សេចក្តីប្រកាសដដែលនេះបញ្ជាក់ទៀតថាការតាំងពិព័រណ៍ទេសចរណ៍អន្តរជាតិ ជាវេទិកាធុរកិច្ចទេសចរណ៍ដ៏ធំបំផុតក្នុងអាស៊ាន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ និងមានការចូលរួមពីក្រុមហ៊ុនជាអ្នកលក់ (Sellers) ប្រមាណជាង ៤៥០ក្រុមហ៊ុន ក្រុមហ៊ុនជាអ្នកទិញ (Buyers) ប្រមាណ ៤៥០ក្រុមហ៊ុន និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ១០០នាក់ មកពីជុំវិញពិភពលោក។ដូច្នេះក្រសួងឲ្យបានស្នើរឲ្យមានកិច្ចសហការពីដៃគូអភិវឌ្ឍន៍ផ្នែករដ្ឋ ឯកជន ស្ថាប័នពាក់ព័ន្ធនិងគ្រប់បណ្តាសារព័ត៌មានក្នុងស្រុកផងដែរ៕
អត្ថបទ៖ តារារស្មី