ភ្នំពេញ៖ មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកោះកុង បានអះអាងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ប្រជាពលរដ្ឋរស់នៅក្រុងខេមរភូមិន្ទកំពុងប្រឈមជាមួយបញ្ហាខ្វះទឹកស្អាតដើម្បីប្រើប្រាស់ប្រចាំថ្ងៃដោយសារតែប្រភពទឹកនៅទំនប់ជ្រោះតាប៉ន ដែលធ្លាប់បូមយកមកប្រើប្រាស់នៅសល់តិចតួច។
សេចក្ដីជូនដំណឹងរបស់មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកោះកុង ឆ្លើយតបនឹងបញ្ហាប្រឈមនេះ ក្រុមហ៊ុន LYP GROUP បាននិងកំពុងរៀបចំតម្លើងម៉ូទ័របូមទឹកនៅស្រះទឹក រដ្ឋាករទឹកចាស់ (ផ្លូវ៤៨) ដើម្បីផ្គត់ផ្គង់បន្ថែម លើតម្រូវការប្រើប្រាស់ទឹកស្អាតប្រចាំថ្ងៃ ជូនប្រជាពលរដ្ឋឲ្យបានគ្រប់គ្រាន់ធម្មតាវិញ។ ចំពោះការតម្លើងម៉ូទ័របូមទឹកនេះ ត្រូវប្រើរយៈពេលប្រមាណ ២ថ្ងៃទៀត ទើបអាចដំណើរការបូមទឹកបាន៕



