ភ្នំពេញ៖ វេលាម៉ោង១៖៣០នាទីយប់ ឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០២០អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋនៅសង្កាត់ទួលសង្កែទី១ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ខូចខាតផ្ទះអស់ជាច្រើនខ្នង និងបណ្ដាលឲ្យរងការខូចខាតទ្រព្យសម្បត្តិមួយចំនួននិងប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៤១គ្រឿង ជួយអន្តរាគមន៍ទើបអាចទប់ស្កាត់ការឆាបឆេះនេះបានទាំងស្រុង។
សមត្ថកិច្ចបានវាយតម្លៃជាបឋមថា ករណីអគ្គិភ័យដែលឆាបឆេះយ៉ាងសន្ធោសន្ធៅខាងលើនេះ បានបណ្ដាលឲ្យរងការខូចខាតផ្ទះចំនួន១៥ល្វែងស្មើនឹង១៧០បន្ទប់ និងរងការខូចខាតទ្រព្យសម្បត្តិមួយចំនួនទៀតផងដែរ។
ចំពោះមូលហេតុនៃការឆាបឆេះនេះមិនទាន់ដឹងច្បាស់នៅឡើយទេប៉ុន្តែប្រភពព័ត៌មានពីកន្លែងកើតហេតុ ឲ្យដឹងថា មុនពេលកើតហេតុគេបានលឺសំឡេងផ្ទុះលាន់យ៉ាងខ្លាំង ភ្លាមៗនោះប្រជាពលរដ្ឋជាច្រើនបានរត់ចេញមកមើលស្រាប់តែឃើញអណ្ដាតភ្លើងកំពុងតែឆាបឆេះយ៉ាងសន្ធោសន្ធៅ និងរាលដាលយ៉ាងខ្លាំង បង្កឲ្យមានការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ៕