មន្រ្តី​ជំនាញបញ្ជាក់ថាអគារកំពុងដំណើរការសាងសង់កម្ពស់ ៧ជាន់នៅខេត្តកែប​បាក់រលំដោយសារសង់បំពានខុសពីលិខិតអនុញ្ញាត

0

ភ្នំពេញ៖មន្រ្តីជំនាញមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឃើញថា អគារកម្ពស់៧ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប ដែលរលំបាក់នាពេលនេះធ្លាបានសាងសង់ខុសពីលិខិតអនុញ្ញាត កាលពីជិត១ខែមុន។

សំណង់អគារនេះម្ចាស់សំណង់ ឯក សារុន (ប្តី) និង ឈីវ សុធី (ប្រពន្ធ) មានលំនៅបច្ចុប្បន្នភូមិ ១ សង្កាត់៣ ក្រុងព្រះសីហនុ បានបើកការសាងសង់នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩។

រដ្ឋបាលខេត្តកែបបានបញ្ជាក់ថានៅវេលាម៉ោង ៤:១៥ នាទីរសៀល នាថ្ងៃទី០៣ ខែមករា ឆ្នាំ ២០២០ មានករណីបាក់ រលំអគារមួយដែលកំពុងដំណើរការសាងសង់កម្ពស់ ៧ ជាន់មានទីតាងស្ថិតនៅផ្លូវឡើងវត្តសមាធិ ភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។

តាមសេចក្តីប្រកាសព័ត៌មានដដែលនោះ បានបញ្ជាក់ថាមកទល់ពេលនេះ ថ្នាក់ដឹកនាំនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្នាក់ដឹកនាំខេត្ត កម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានកំពុងសហការគ្នាយ៉ាងមមាញឹកដើម្បីជួយសង្គ្រោះជនរងគ្រោះដែលកំពុងជាប់ក្នុងគំនរនៃអគារបាក់បែកនៃការដ្ឋាននេះ និងបានបង្កើតក្រុមការងារប្រចាំការជួយសង្គ្រោះបន្ទាន់ដល់ជនរងគ្រោះ។
ព័ត៌មានទទួលបានជាបឋម (គិតត្រឹមម៉ោង ៨:៣០យប់នេះ) ជនរងគ្រោះចំនួន ១៩នាក់ (ស្រី ៥ នាក់) ត្រូវបានជួយសង្គ្រោះក្នុងនោះស្លាប់ ៣ (ស្រី២)។ ជនរងគ្រោះជាកម្មករសំណង់ ដែលស្នាក់នៅក្នុងអគារសាងសង់នោះ៕