ភ្នំពេញ៖ ដោយសារតែការបិទល្បែងភ្នាល់តាមប្រព័ន្ធអ៊ីនធឺណិតនៅខេត្តព្រះសីហនុ នាពេលថ្មីៗនេះ បណ្ដាលឲ្យកម្មករកម្ពុជាជាង ៨,០០០នាក់ បានបាត់បង់ការងារ ហើយដើម្បីជួយឱ្យមានការងារធ្វើឡើងវិញ សមាគមសភាពាណិជ្ជកម្មកម្ពុជា-ចិន នៅខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំស្តីពីការឆ្លើយតបទៅនឹងសេចក្តីអំពាវនាវរបស់សាលាខេត្តព្រះសីហនុ និងការដោះស្រាយបញ្ហាការងាររបស់ប្រជាពលរដ្ឋកម្ពុជាដែលគ្មានការងារធ្វើ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
អគ្គលេខាធិការនៃសមាគមសភាពាណិជ្ជកម្មកម្ពុជា-ចិន នៅខេត្តព្រះសីហនុ លោក JIANG KEXING បានបញ្ជាក់ថា ក្រុមហ៊ុនមកពីប្រទេសចិន បានសាងសង់រោងចក្រនិងរកស៊ីនៅប្រទេសកម្ពុជា ត្រូវបំពេញកាតព្វកិច្ចសង្គមដោយសកម្មនិងជួយដល់ប្រជាពលរដ្ឋក្នុងតំបន់តាមសមត្ថភាពនាពេលដែលទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួន។ លោកសង្ឃឹមថា សហគ្រាសទាំងអស់គ្នាត្រូវមានគំនិតត្រឹមត្រូវ ចំពោះការជ្រើសរើសកម្មករដែលបាត់បង់ការងារពីកន្លែងកាស៊ីណូ។
លោកបានលើកឡើងថា “នេះមិនគ្រាន់តែអាចបំពេញតម្រូវការធនធានមនុស្សរបស់ក្រុមហ៊ុនខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងចូលរួមចំណែកក្នុងស្ថិរភាពសង្គមនិងសុភមង្គលរបស់ប្រជាជននៅក្រុងព្រះសីហនុ និងបង្កើតនូវគំរូល្អរបស់វិនិយោគិនចិនទៀតផងដែរ។ លោកក៏បានជំរុញឱ្យរោងចក្រចិនទាំងអស់ គួរតែបំពេញទំនួលខុសត្រូវសង្គមរបស់ខ្លួនយ៉ាងសកម្ម ប្រើប្រាស់កម្មករដែលលាឈប់ពីរោងចក្រនៅពេលមុនឡើងវិញ និងទទួលយកបុគ្គលិកថ្មីដែលចង់ធ្វើការនៅរោងចក្រក្នុងតំបន់ ដើម្បីកែលម្អជីវភាពរស់នៅប្រជាពលរដ្ឋក្នុងតំបន់ ព្រមទាំងធានាភាពសុខដុមរមនាក្នុងសង្គមតាមរយៈការផ្ដល់ឱកាសការងារជាក់ស្តែង។ លោកបានអះអាងថា ចំពោះសហគ្រាសដែលចូលរួមក្នុងកិច្ចប្រជុំនេះបានឆ្លើយតបដោយសកម្ម ហើយក៏បានស្វាគមន៍និយោជិតកម្ពុជាទាំងអស់មកធ្វើការនៅក្នុងរោងចក្រផងដែរ។
តែទោះបីយ៉ាងណាក៏ដោយ ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសឱ្យបិទល្បែងភ្នាល់តាមប្រព័ន្ធអ៊ីនធឺណិត កន្លងមកនេះ នៅក្រុងព្រះសីហនុ កាស៊ីណូជាច្រើនត្រូវបានបិទ ជនជាតិចិនដែលធ្វើការនៅន្លែងកាស៊ីណូខុសច្បាប់ត្រូវបានចាកចេញទាំងក្រុមៗត្រឡប់ទៅប្រទេសចិនវិញជាបន្តបន្ទាប់ ធ្វើឱ្យបុគ្គលិកកម្ពុជាមួយចំនួនធំបានបាត់បង់ការងារធ្វើ។ ជាមួយគ្នានេះ សមាគមសភាពាណិជ្ជកម្មកម្ពុជា-ចិន នៅខេត្តព្រះសីហនុ បានប្រមូលផ្តុំសហគ្រាសចិន នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មកជួបគ្នា ដើម្បីដោះស្រាយបញ្ហាខាងលើនេះ ឱ្យទាន់ពេលវេលា ដើម្បីសម្តែងនូវការដើរតួនាទីជាស្ពានរវាងសហគ្រាស និងប្រជាជនរបស់សមាគម។
សូមបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានចម្ងាយ ១៧ គីឡូម៉ែត្រពីក្រុងព្រះសីហនុ ដែលប្រកាន់ខ្ជាប់នូវការអភិវឌ្ឍឧស្សាហកម្មជាក់ស្តែង។ រហូតមកដល់ពេលនេះ គឺមានក្រុមហ៊ុនចំនួន១៧៤ដែលមកពីប្រទេសចិន អឺរ៉ុប សហរដ្ឋអាមេរិក អាស៊ីអាគ្នេយ៍និងបណ្តាប្រទេសដទៃទៀតបានមកធ្វើការវិនិយោគនៅទីនេះ ហើយបានស្រូបយកកម្លាំងពលកម្មជិត៣០,០០០នាក់ ក្នុងចំណោមនេះ គ្រួសារ៧០ភាគរយ នៃស្រុកព្រៃនប់ក្នុងខេត្ដព្រះសីហនុ គឺមានសមាជិកធ្វើការនៅរោងចក្រក្នុងតំបន់នេះ។ ទន្ទឹមនេះ ក្រោយពេលបញ្ចប់ការសាងសង់តាមផែនការអភិវឌ្ឍន៍ នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នឹងមានក្រុមហ៊ុនចំនួន ៣០០ សហគ្រាស អាចផ្តល់ការងារដល់កម្មករពី៨ម៉ឺន ទៅ១០ម៉ឺននាក់ ហើយនឹងក្លាយជាទីក្រុងឧស្សាហកម្មអន្តរជាតិថ្មីមួយដែលមានប្រជាជនកម្ពុជារាប់ពាន់គ្រួសាររស់នៅ និងធ្វើការនៅទីនេះ៕