ភ្នំពេញ៖ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនបានអះអាងថា ចំណុចបង្គោលព្រំដែនផ្លូវការលេខ៧៨រវាងកម្ពុជា និងវៀតណាម មិនបានបោះចូលក្នុងទឹកដីប្រទេសកម្ពុជាឡើយ ហើយចាត់ទុក ព័ត៌មានដែលបានផ្សាយថាបង្គោលព្រំដែនលេខ៧៨បោះចូលទឹកដីកម្ពុជាជាង៥គីឡូម៉ែត្រនោះ គឺជាព័ត៌មាននិងរូបភាពបង្ហាញទីតាំងបង្គោលក្លែងក្លាយប៉ុណ្ណោះ។
គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនសូមប្រកាសទាត់ចោលទាំងស្រុងនូវការចុះផ្សាយបំភ្លើសពីការពិតតាមរយៈការ Comment របស់គណនី Facebook ឈ្មោះ Sila_Chey ដែលបាន
បង្កើតចំណុចបង្គោលព្រំដែនក្លែងក្លាយលេខ៧៨នៅលើប្រព័ន្ធអ៊ីនធឺណែត កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ដែលចំណុចបង្គោលព្រំដែនក្លែងក្លាយនោះខុសគ្នាជាង៥គីឡូម៉ែត្រពីបង្គោលព្រំដែនលេខ៧៨ផ្លូវការ។
សេចក្តីថ្លែងការណ៍បានបំភ្លឺជូនសាធារណមតិជាតិ និងអន្តរជាតិឱ្យបានជ្រាបថាបង្គោលព្រំដែនលេខ៧៨ផ្លូវការ គឺជាប្រភេទបង្គោលភ្លោះ រួមមានបង្គោលលេខ៧៨(១)បោះនៅត្រើយខាងលិចទន្លេចាម លើទឹកដីកម្ពុជាក្នុងភូមិសាស្ត្រ ឃុំជាំក្រវៀន ស្រុកមេមត់ខេត្តត្បូងឃ្មុំ និងបង្គោលលេខ៧៨(២) បោះនៅត្រើយខាងកើតទន្លេចាមលើទឹកដីវៀតណាមក្នុងភូមិសាស្ត្រ ស្រុកឡុកនិញ ខេត្តប៊ិញភឿក។ ខ្សែព្រំដែននៅតំបន់នេះដើរតាមពាក់កណ្តាលទន្លេចាម។
បង្គោលព្រំដែនលេខ៧៨ផ្លូវការនេះត្រូវបានបោះតាមផែនទីផ្លូវការដែលប្រទេសទាំងពីរបានអនុម័តទទួលយក។
គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនចាត់ទុកការបង្កើតចំណុចព្រំដែនលេខ៧៨ក្លែងក្លាយនៅលើប្រព័ន្ធអ៊ីនធើណែត Google Map នេះបានធ្វើឡើងបន្ទាប់ពីក្រុមជនអគតិមួយចំនួន ដែលមាននិន្នាការប្រឆាំងបានវាយប្រហាររាជរដ្ឋាភិបាលថាបានកាត់ដីឱ្យវៀតណាម ក្រោយពេលដែលកម្ពុជា-វៀតណាម បានចុះហត្ថលេខាលើឯកសារព្រំដែនចំនួន២ កាលពីថ្ងៃទី៥ខែតុលាឆ្នាំ២០១៩កន្លងមក រួមមានសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩ និងពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។
គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន សូមអំពាវនាវដល់ជនរួមជាតិទាំងក្នុង និងក្រៅ
ប្រទេសសូមកុំជឿលើរាល់ការបង្ហោះបោកប្រាស់របស់ជនអគតិមួយចំនួន ដែលតែងតែបង្កើតព័ត៌មានក្លែងក្លាយក្នុងចេតនាទុច្ចរិត ដើម្បីវាយប្រហារដល់កិច្ចការព្រំដែនរបស់រាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា ក្នុងកិច្ចការខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងសាធារណរដ្ឋសង្គមនិយមវៀតណាមក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រហូតមកដល់បច្ចុប្បន្ននេះសម្រេចបានលទ្ធផល៨៤ភាគរយនៃខ្សែព្រំដែនរួមនិងកំពុងបន្តធ្វើឱ្យបានចប់ជាស្ថាពរ១០០ភាគរយ ដើម្បីធានាបាននូវបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ៕