ភ្នំពេញ៖ ក្រោយផ្ទុះការរិះគន់ករណីអភិបាលខេត្តបាត់ដំបងស្នើឲ្យរុះរើស្ពានថ្មចាស់ សល់ពីសម័យបារាំងដែលមានអាយុកាល ជាង១០០ឆ្នាំស្ថិតក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបងនោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា ស្ពាននេះនឹងមិនត្រូវវាយចោលនោះទេត្រូវតែអភិរក្សនិងជួសជុល ប៉ុន្តែត្រូវកសាងថ្មីបន្ថែមដើម្បីម្រួលដល់ការធ្វើដំណើរ។
ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតបញ្ចប់ការ សិក្សាដោយជោគជ័យមកពីសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច (RULE) នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថារបស់ដែលមានអាយុជាង៥០ឆ្នាំឡើង ទៅ១០០ឆ្នាំ ត្រូវតែរអភិរក្សទុកឲ្យកូនចៅជំនាន់ក្រោយបានស្គាល់។លោកស្រី ភឿ សកុណា រដ្ឋមន្រ្តីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ មិនឯកភាពចំពោះសំណើររបស់រដ្ឋបាល ខេត្តបាត់ដំបង ចំពោះសំណើរឲ្យរុះរើស្ពានថ្មចាស់ សល់ពីសម័យបារាំងដែលមានអាយុកាល ប្រមាណជា១០០ឆ្នាំស្ថិតនៅមុខសាលាខេត្ត ក្នុងភូមិកម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
យោងតាមលិខិតលោកស្រីរដ្ឋមន្ត្រី ផ្ញើជូនលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនី យកម្ម និងសំណង់នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩បានឲ្យដឹងថា “រដ្ឋបាលខេត្តបាត់ដំបងបានស្នើសុំគោលការណ៍ អនុញ្ញាតធ្វើការរុះរើស្ពានចាស់សម័យបារាំងនេះ ប៉ុន្តែក្រសួង យល់ឃើញថា ពុំគួរធ្វើការរុះរើទេ ដោយសារស្ពាននេះ មានអាយុកាលដ៏ចំណាស់ជាង១០០ឆ្នាំមកហើយ”។
បើតាមលោកស្រី ភឿង សកុណា ស្ពានបានកសាងក្នុងសម័យ អាណានិគមបារាំង ជាសំណង់បេតិកភណ្ឌទីក្រុង នៅសល់តែមួយគត់ក្នុង ខេត្តបាត់ដំបង និងនៅសល់តែមួយ គត់នៅកម្ពុជា ដែលមានតម្លៃប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម នគរូបដីយកម្ម និងបរិស្ថាន។
លោកស្រីថា ស្ពាននេះចាត់ទុកជាមរតក ដ៏កម្រមួយដែល បន្សល់ទុកតាំង ពីសម័យអាណានិគមបារាំង គួរតែថែរក្សាទុក និងធ្វើការជួសជុល ឡើងវិញ ហើយប្រើប្រាស់ជា ស្ពានថ្មើរជើង។
ជាមួយគ្នានេះ លោកស្រីស្នើសុំកិច្ចសហការ ជាមួយអ្នកជំនាញ ពីក្រសួងរៀបចំ ដែនដី ដើម្បីចុះទៅពិនិត្យសិក្សាផ្ទាល់ ដល់ទីតាំងនៅថ្ងៃទី១៩-២០ ធ្នូ ក្នុងគោលបំណងរកដំណោះស្រាយមួយដ៏ល្អ ក្នុងន័យអភិរក្ស ដើម្បីអភិវឌ្ឍន៍ និងអភិវឌ្ឍន៍ ដើម្បីអភិរក្សប្រកប ដោយចីរភាព៕