សម្តេចតេជោហ៊ុនសែនព្រមានដកតំណែងចៅហ្វាយខេត្តត្បូងឃ្មុំបើផ្សារគំរូព្រំដែនរបស់កម្ពុជាដែលបង្កើតឡើងដំបូងគេត្រូវ បរាជ័យ

0

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការណែនាំដល់ អភិបាលខេត្តត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ ឱ្យយកចិត្តទុកដាក់ចំពោះផ្សារដោះដូរទំនិញកម្ពុជា និងវៀតណាម និងព្រមានដកតំណែងជាអភិបាលខេត្តចោល ប្រសិនបើផ្សារគំរូនេះបរាជ័យមិនដំណើរការនោះ ។

នៅក្នុងពិធីសម្ពោធផ្សារដោះដូរទំនិញកម្ពុជា-វៀតណាម(ផ្សារគំរូព្រំដែន កម្ពុជា) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងបញ្ជាក់” ផ្សារដានេះគឺជាផ្សារគំរូ ហើយបើផ្សារនេះបរាជ័យ ផ្សារដទៃទៀតដែលយើង ត្រៀមបង្កើតឡើងវាគ្មានវឌ្ឍនភាពទេ ដូចនេះហើយ អភិបាលខេត្តត្បូងឃ្មុំ ត្រូវមើលឱ្យច្បាស់ ចំណុចហ្នឹង បើផ្សារនេះបរាជ័យតំណែងជាអភិបាលខេត្តក៏មិនបន្តបានទៀតដែរ”។
សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាឲ្យមន្ត្រីគយ និងមន្ត្រីនគរបាលអន្តោប្រវេសន៍ មិនត្រូវធ្វើការរំខានណាមួយដល់ប្រជាពលរដ្ឋ ដែលរកស៊ីនៅផ្សារគំរូព្រំដែនកម្ពុជានោះឡើយ ព្រោះថាប្រសិនជា មានការរំខានណាមួយ ប្រជាពលរដ្ឋនឹងបង្កើតច្រករបៀងរកស៊ីដោយខ្លួនឯង នោះហើយជាបញ្ហាដែលគ្រប់គ្រងអត់បាន ហើយនៅពេលដែលគ្រប់គ្រងអត់បាន អាចបើកឱកាសឱ្យឧក្រិដ្ឋជនគ្រឿងញៀន និងការធ្វើឧក្រិដ្ឋកម្មផ្សេងៗដោយប្រើច្រក របៀងទាំងនេះ ដូច្នេះហើយបានស្នើឱ្យធ្វើកិច្ចការនេះឱ្យបានម៉ត់ចត់។
ផ្សារដោះដូរទំនិញកម្ពុជា-វៀតណាម មានឈ្មោះថា «ផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ)» ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសថារីត្បូងឃ្មុំ ភូមិដារកណ្តោល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លើផ្ទៃដីទំហំជិត២ហិកតា ចម្ងាយប្រមាណជា ៣០០ម៉ែត្រពីព្រំដែនកម្ពុជា-វៀតណាម។ ផ្សារនេះត្រូវបានបើកការដ្ឋានសាងសង់នៅឆ្នាំ២០១៨ ដោយចំណាយថវិកាជិត ២លានដុល្លារអាមេរិក ដែលជាថវិការបស់រដ្ឋាភិបាលវៀតណាម។ ផ្សារនេះមានចំនួន ៦៨ស្តង់ ចែកចេញជា៦ប្រភេទ។
ផ្សារគំរូព្រំដែនកម្ពុជា ត្រូវបានអនុញ្ញាតឱ្យដាក់លក់តែផលិតផលរបស់កម្ពុជា និងវៀតណាម ដោយមិនអនុញ្ញាតឱ្យលក់ផលិតប្រទេសដទៃនោះឡើយ។ ផ្សារគំរូព្រំដែនកម្ពុជានេះ មានសក្ដានុពលខ្ពស់ក្នុងការបង្កើតការងារបង្កើនចំណូលបន្ថែមសម្រាប់ប្រជាជន តាមព្រំដែន និងជំរុញទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឱ្យបាន ៥ពាន់លានដុល្លារអាមេរិក តាមផែនការដែលប្រទេសទាំងពីរបានគ្រោងទុក៕