ភ្នំពេញ៖ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២១ ខែធ្នូ នេះ បានិង កំពុងបន្តនីតិវិធីសាកសួរលើលោក សារុន វីថូរ៉ាត់ ថៅកែការ៉ាស់សាំង PTT ដែលទើបត្រូវបានចោទប្រកាន់ជាផ្លូវការពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ ។
សូមរំលឹកថា លោក សារុន វីថូរ៉ាត់ ត្រូវបានជនរងគ្រោះ ចោទប្រកាន់ថា បានបញ្ជាអោយកូនចៅព្រួតវាយគ្រូបង្រៀនម្នាក់ស្ទើរស្លាប់ ដោយអះអាងថា បានលួចថតនារីក្នុងបន្ទប់ទឹក កាលពីយប់ថ្ងៃទី១៦ ខែធ្នូ ថ្មីៗនេះ នៅចំណុចហ្គារ៉ាស់សាំងរបស់លោក ស្ថិតនៅជាប់ផ្លូវជាតិលេខ២ ខណ្ឌដង្កោ ក្បែររង្វង់មូលគួរស្រូវ ។ដោយឡែកគ្រូបង្រៀន អ៊ឹម សិរីរដ្ឋ ត្រូវបានតុលាការដោះលែងអោយមានសេរីភាព វិញ ព្រោះរកមិនឃើញពីការប្រព្រឹត្តបទល្មើសលួចថតរូបអាក្រាតនារីក្នុងបន្ទប់ទឹក ។
នៅដំណាក់កាលនេះ ចៅក្រមស៊ើបសួរ នឹងសម្រេចឃុំខ្លួនឬមិនឃុំខ្លួន ជនត្រូវចោទ ខណៈបទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និង ពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល ៕