ភ្នំពេញ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា ការពង្រីកទីផ្សារនាំចេញលក្ខណៈអចិន្រ្តៃយ៍ នឹងរួមចំណែកដល់ការពង្រឹងអធិបតេយ្យភាពជាតិ និងឯករាជ្យភាពនៃសេដ្ឋកិច្ចកម្ពុជាព្រម ទាំងឈានទៅសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ (ប្រទេសចំណូលមធ្យមកម្រិតខ្ពស់) និង ឆ្នាំ២០៥០ (ប្រទេសចំណូលខ្ពស់)។
លោកឧបនាយករដ្ឋមន្ត្រីបានលើកឡើងដូច្នេះ នាឱកាសអញ្ជើញជា អធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០១៩ និងទិសដៅអនុវត្តន៍ ការងារឆ្នាំ២០២០ នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីពេលថ្មីៗនេះ។
លោកឧបនាយករដ្ឋមន្ត្រីក៏បានស្នើក្រសួងពាណិជ្ជកម្មខិតខំជំរុញការធ្វើសេរីភាវូបនីយកម្ម និងសមាហរណកម្មក្នុងតំបន់និងពិភពលោកតាមរយៈការបន្តកិច្ចសហការជាមួយ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពន្លឿនការចុះកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុង ជ្រោយតំបន់(RCEP) នៅក្នុងឆ្នាំ២០២០ និងខិតខំចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-ចិន និងកម្ពុជា-សាធារណរដ្ឋកូរ៉េ ដើម្បីជំរុញការធ្វើពិពិធកម្មទីផ្សារនាំចេញ របស់កម្ពុជាសំដៅគាំទ្រការអភិវឌ្ឍកំណើនសេដ្ឋកិច្ច ដែលជាគោលដៅនៃយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤។
បន្ថែមលើនោះលោកអូន ព័ន្ធមុនីរ័ត្ន ក៏បានផ្តល់អនុសាសន៍ សំខាន់ៗចំនួន៤ចំណុចដល់ក្រសួងពាណិជ្ជកម្មដើម្បីជាវិភាគទានសម្រាប់រៀបចំគោលនយោបាយ និងកំណត់ទិសដៅសម្រាប់អនុវត្តន៍ការងារពាណិជ្ជកម្ម ឆ្នាំ២០២០ ឱ្យទទួល បានប្រសិទ្ធភាពខ្ពស់មានដូចជា៖១. ការកែទម្រង់ផ្ទៃក្នុងនិងបន្តជំរុញសមាហរណកម្មសេដ្ឋកិច្ច កម្ពុជាចូលក្នុងតំបន់និងពិភពលោក, ២. កំណែទម្រង់រដ្ឋបាលសាធារណៈ និងគុណភាពសេវាសាធារណៈ, ៣. ការរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ និង៤. ការរក្សាបាននូវសន្តិសុខ ស្បៀងអាហារ និងស្ថិរភាពថ្លៃទំនិញនិងសេវាកម្មដើម្បីគាំទ្រឧត្តម ភាពប្រកួតប្រជែងរបស់កម្ពុជា៕