ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានព្រមានថា បើសិនជាមន្ដ្រីថ្នាក់ជាតិគិតតែពីរាយការណ៍ រួចបែរជាទៅបន្ទោសមន្ដ្រីថ្នាក់ក្រោមជាតិ ដោយមិនដោះស្រាយបញ្ហានៅនឹងកន្លែង គឺត្រូវបញ្ឈរជើងចោល ។
ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវេស្ទើននៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា នៅពេលគ្រោះធម្មជាតិកើតឡើងនៅឆ្នាំ២០២០ ខាងមុខដោយចៃដន្យមិនបានត្រៀមថវិកាទុកទេ នៅពេលនោះនឹងបង្ហាញចេញឲ្យឃើញនូវសមត្ថភាពរបស់មន្រ្តីម្នាក់ៗទាំងនៅថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិហើយ ។
សម្ដេចបន្ដថា ពាក់ព័ន្ធមន្រ្តីមាន ២ ប្រភេទគឺ ទី១- នៅថ្នាក់ខេត្តពូកែខាងរាយការណ៍ឲ្យថ្នាក់លើ ហើយបន្ទោសឲ្យខាងក្រោម , ទី២-គឺជាមន្រ្តីដោះស្រាយបញ្ហានៅនឹងកន្លែង គឺចុះសួរសុខទុក្ខ និងដោះស្រាយបញ្ហាជាមួយពលរដ្ឋ ទើបហៅថា មនុស្សមានសមត្ថភាពពិតប្រាកដ ។
សម្ដេចតេជោមានប្រសាសន៍ថា “បើសិនជាមន្ដ្រីគិតតែពីរាយការណ៍ និងបន្ទោសទៅក្រោម មន្ដ្រីហ្នឹង គឺថា បន្ទាប់ទៅ គឺត្រូវតែយកទុកដាក់ គឺហៅថា បញ្ចូលឃ្លាំងមួយកន្លែង (បញ្ឈរជើង)” ៕