ជប៉ុនស្នើ សម្ដេច ស ខេង ពង្រឹងសុវត្ថិភាពជូនដល់ពលរដ្ឋ និងវិនិយោគិនជប៉ុននៅកម្ពុជា

0

ភ្នំពេញ ៖ លោក Takahashi Fumiaki ប្រធានសមាគម ជប៉ុន-កម្ពុជា បានស្នើឲ្យកម្ពុជា បន្តជួយជ្រោមជ្រែងបន្ថែមទៀតលើការពង្រឹងវិស័យសន្តិសុខ និងសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ និងវិនិយោគិនជប៉ុន ដើម្បីទាក់ទាញអ្នកវិនិយោគមក កម្ពុជាកាន់តែច្រើន។

ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ លោក Takahashi Fumiaki បានថ្លែងថា ក្នុងដំណើរទស្សនកិច្ចនាពេលនេះ ដើម្បីស្វែងរកនូវឱកាសវិនិយោគនៅកម្ពុជា ពិសេសបន្តខិតខំផ្សារភ្ជាប់ជាមួយសហគ្រិន និងវិនិយោគិនវ័យក្មេងកម្ពុជា ក្នុងការធ្វើយ៉ាងណាស្វែងរកឱកាសវិនិយោគរវាងក្រុមហ៊ុនឯកជនជប៉ុន ជាមួយក្រុមហ៊ុនកម្ពុជា។

ជាការឆ្លើយតប សម្ដេច ស ខេង រីករាយទទួលយក ព្រមទាំងបន្តខិតខំថែរក្សា សន្តិសុខ សុត្ថិភាព និងជួយសម្របសម្រួលដល់ដំណើរការវិនិយោគរបស់អ្នកវិនិយោគជប៉ុន ឲ្យសម្រេចបានជោគជ័យ។សម្ដេច ស្នើជប៉ុន បន្តធ្វើការជាមួយផ្នែកពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ធ្វើយ៉ាងណារកឱកាសដាក់ទុនវិនិយោគវិស័យជំនាញនីមួយៗរបស់ក្រុមហ៊ុនខ្លួនឲ្យបាន ខណៈ សម្ដេច ត្រៀមខ្លួនជានិច្ចក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមផ្សេងៗ ដែលក្រុមហ៊ុនជប៉ុនជួបប្រទះនៅកម្ពុជា។

បន្ថែមពីនេះ រដ្ឋមន្ដ្រី មហាផ្ទៃ ចង់ឃើញការរីកដុះដាលនៃក្រុមហ៊ុនខ្នាតតូច និងមធ្យម របស់ជប៉ុនកាន់តែច្រើនឡើងថែមទៀត ដើម្បីពង្រីកវិសាលភាពឲ្យបានគ្រប់ទីកន្លែង តាមបណ្ដាខេត្ត-ក្រុង នៅកម្ពុជា ដោយមិនផ្ដោតតែក្រុមហ៊ុនខ្នាតធំនោះទេ៕