រួសរាន់ឡើងបងប្អូនរដូវធ្វើប្រហុក ផ្អក ត្រីឆ្អើរ ទុកបរិភោគមកដល់ហើយ

0

ភ្នំពេញ៖រដ្ឋបាលជលផលបានសង្កេតឃើញថាទឹកស្រកចុះយ៉ាងលឿនដែលមិនធ្លាប់ជួបប្រទះក្នុងរយៈកាលកន្លងមកហើយទឹកដែលហូរចេញពីបឹងទន្លេសាបស្រកចុះយ៉ាងលឿនបែបនេះធ្វើឱ្យគន្លងដាយនៅតាមដងទន្លេសាប ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញនិងខេត្តកណ្តាល អាចនេសាទត្រីបានច្រើនក្នុងខែមិគសិរនេះ គឺចាប់ពីថ្ងៃ៩កើត ដល់ថ្ងៃ១៣កើតត្រូវនឹងថ្ងៃទី៥ រហូតដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ ប្រសិនបើផ្ទៃមេឃស្រឡះល្អនិងគ្មានភ្លៀងកក់ខែ។

សេចក្ដីជូនដំណឹងរបស់រដ្ឋបាលជនផល បានឲ្យដឹងថាយោងលើស្ថានភាពដូចបានជម្រាបជូនខាងលើ រដ្ឋបាលជលផលស្នើសុំអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ។ល។ សម្រាប់ទុកបរិភោគប្រចាំឆ្នាំ មេត្តាអញ្ជើញមកទិញត្រីក្នុងខែមិគសិរនេះឱ្យបានរួសរាន់ តាមពេលវេលានិងទីកន្លែង ដូចបានជម្រាបជូនខាងលើ។

ជាមួយគ្នានេះដែរ រដ្ឋបាលជលផលសូមសំណូមពរដល់អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចគ្រប់ជាន់ថ្នាក់

មេត្តាបង្កលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋបានធ្វើដំណើរទៅមក ស្នាក់នៅនិងដឹកជញ្ជូនផលិតផលត្រីកុំឱ្យមានការរាំងស្ទះតាមការគួរ៕