ភ្នំពេញ:សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធាន ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តសៀមរាប នៅរសៀលថ្ងៃទី០៣ ខែ ធ្នូ ឆ្នាំ ២០១៩នេះ បាន ចុះទៅពិនិត្យមើលទីតាំងអគារសាលាឆាន់វត្តប្រាសាទគោកចក ដែលបានបាក់រលំកំពុងចាក់បេតុងប្លង់សេ។នបើយោងតាមAKP។
នៅក្នុងឱកាសចុះពិនិត្យមើលទីតាំងនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាពិតជាមានការសោកស្តាយចំពោះហេតុការណ៍ដែលបានកើតឡើងនេះ។ ចំពោះមូលហេតុនៃការបាក់រលំអគារនេះ សម្តេចមិនអាចបញ្ជាក់បាននៅឡើយទេ ដោយទុកឱ្យក្រុមជំនាញធ្វើការសិក្សាសា្រវជ្រាវ ដែលត្រូវការពេលវេលាមួយដ៏សមស្រប ដើម្បីបានដឹងច្បាស់ថា កំហុសបច្ចេកទេសកម្រិតណា និងតើនៅត្រង់ណា។
សម្តេចពិជ័យសេនា ទៀ បាញ់ បានស្នើឱ្យអាជ្ញាធរដែនដីទាំងអស់បន្តត្រួតពិនិត្យនូវរាល់សំណង់ដែលសាងសង់ថ្មីជៀសវាងបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សបន្តទៀត ព្រោះថា ការកើតមានហេតុការបែបនេះ វាធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោងជាង២ថ្ងៃទី០២ខែធ្នូឆ្នាំ២០១៩ មានករណីបាក់រលំអគារសាលាឆាន់ដែលមានទំហំ៤០ម៉ែត្រ គុណ៣០ម៉ែត្រ របស់វត្តប្រាសាទគោកចក ស្ថិតនៅក្នុង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប បណ្តាលឱ្យមនុស្សចំនួន១៦នាក់បានរងគ្រោះ ក្នុងនោះមាន៣នាក់បានស្លាប់។ ដោយសារមានការសោកស្តាយ និងអាណិតអាសូរ សម្តេចអគ្គមហាសេនាបត្តីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ថវិកាចំនួន២០លានរៀន ដល់អ្នកស្លាប់ម្នាក់ៗ ចំពោះអ្នករងរបួសចំនួន៣លានរៀលក្នុងម្នាក់ផងដែរ៕