ភ្នំពេញ៖យោងតាមទិនិ្នន័យផ្លូវការ របស់គ្រឹះស្ថានអង្គរនៅថ្ងៃទី១ ខែធ្នូ បានបញ្ជាក់ថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០១៩នេះ គ្រឹះស្ថានអង្គរបានលក់បណ្ណចូលទស្សនា តំបន់អង្គរបានចំនួន ១,៩៩៧,២៦៧នាក់ ទទួលបានចំណូល ៨៩,៥៥៥,៤៧៤ដុល្លារអាមេរិក។
ទិន្នន័យដដែលបានបញ្ជាក់ថា សម្រាប់ថវិកាចំណូល បានពីការលក់បណ្ណចូលទស្សនាអង្គរក្នុងរយៈពេល១ខែ វិច្ឆិកា ឆ្នាំ២០១៩ បានលក់បណ្ណជូនភ្ញៀវចំនួន ១៩៣.២៦០នាក់ ធ្លាក់ចុះ១៧.១០ភាគរយ បើធៀបនឹងខែដូចគ្នាឆ្នាំ២០១៨ ដោយទទួលបានចំណូល ៨.៨៥៤.១៩០ដុល្លារអាមេរិក ធ្លាក់ចុះ១៦.៤៧ភាគរយ។
ក្នុងខែវិច្ឆិកានេះផងដែរ គឺថវិកាចំនួន ៣៨៦,៥២០ដុល្លារ ត្រូវបានឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផា ដើម្បីទ្រទ្រង់ដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ជួយសង្គ្រោះជីវិត និងព្យាបាលជំងឺកុមារកម្ពុជា ហើយបើសរុបថវិកាទាំង១១ខែ គឺមានចំនួន ៣,៩៩៤,៥៣៤ដុល្លារ សម្រាប់ឧត្ថម្ភមូលនិធិ មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា៕