ឃាត់រថយន្តក្រុងក្រុមហ៊ុន ឫទ្ធិ មុនីលួច​នាំចូល​គ្រឿងក្នុង​​ជ្រូកខុសច្បាប់ពី​ប្រទេស​ថៃ​ជាង​១​តោន 

0

ភ្នំពេញ ៖ ផលិតផល​មាន​ដើមកំណើត​ពីស​ត្វ​(​គ្រឿងក្នុង​ចម្រុះ​សត្វ​ជ្រូក​ចំនួន​១.០៩៤​គីឡូក្រាម )​ដឹក​តាម​រថយន្តក្រុង ត្រូវបាន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ សហការ​ជាមួយ​មន្ត្រី​ជំនាញ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត បង្ក្រាប​ដកហូត​យកទៅ​ធ្វើការ​ដុតបំផ្លាញ​ចោល​នៅ​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៩ ។​

​ ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ លោក​វរសេនីយ៍ទោ រស់ អៀម នាយរង​ការិយាល័យ បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​១៣​និង​៣០​នាទី ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្រោយពី​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ល្អ លោក​បាន​ដឹកនាំ​កម្លាំង​នគរបាល​ការិយាល័យ ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចំនួន​៤​នាក់ ចុះ​ធ្វើការ​ត្រួតពិនិត្យ​ឆែកឆេរ រថយន្តក្រុង​ដឹក​អ្នកដំណើរ​១​គ្រឿង​របស់​ក្រុមហ៊ុន ឫ​ទិ្ធ មុនី ម៉ាក​មី​ត​ស៊ុយ​ប៊ី​ហ្ស៊ី ពណ៌​ខៀវ ផលិត​ឆ្នាំ​១៩៩៨ ពាក់​ស្លាក​លេខ បាត់ដំបង 3A.0224 បាន​លួច​បង្កប់​ផលិតផល​ដើមកំណើត​ពីស​ត្វ​(​គ្រឿងក្នុង​ជ្រូក​ចម្រុះ​) និង​ធ្វើ​ការឃាត់​នៅ​ចំណុច​ចំណតរថយន្ត​ក្រុង​សិរីសោភ័ណ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

បន្ទាប់មក​នាំយក កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ហើយ​នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ ដែល​ក្នុងការ​ត្រួតពិនិត្យ​មាន​មន្ត្រី​ជំនាញ​បសុព្យាបាល​ខេត្ត មក​ចូលរួម​សហការ​ក្នុង​ត្រួតពិនិត្យ ឃើញ​មាន​គ្រឿង​ជ្រូក​ចម្រុះ​ចំនួន​១៦​កេស ។​

 

​ ​លោក​វរសេនីយ៍ទោ រស់ អៀម បាន​បញ្ជាក់ថា គ្រឿងក្នុង​ជ្រូក​ទាំង​១៦​កេស​នោះ មាន​ឆ្អឹងជំនីរ​ជ្រូក ទម្ងន់​២០២​គ​.​ក្រ , អណ្តាត​ជ្រូក​៧០​ទម្ងន់​គ​.​ក្រ​, ត្រចៀកជ្រូក​ទម្ងន់​២២២​គ​.​ក្រ​, បេះ​ដូ​វ​ជ្រូក​ទម្ងន់​៨៧​គ​.​ក្រ​, ខួរ​ជ្រូក​ទម្ងន់ ៦៧​គ​.​ក្រ​, ពោះវៀន​ជ្រូក​ទម្ងន់ ២៧៧​គ​.​ក្រ​, ក្រលៀន​ជ្រូក​ទម្ងន់​៨៧​គ​.​ក្រ​, ក្រពះ​ជ្រូក​ទម្ងន់ ៨៥​គ​.​ក្រ សរុប​ទាំងអស់ ១,០៩៤​គ​.​ក្រ ។​

​លោកនាយ​រងការិយាល័យ បានបញ្ជាក់​ទៀតថា តាម​ចម្លើយ​របស់​អ្នកបើករថយន្ត​ឈ្មោះ សៅ ន​រ៉ា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ នៅ​ភូមិ​គ្រួស សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ បាន​សារភាពថា​៖​ខ្លួន​ទើប​ស៊ីឈ្នួល​ដឹក​គ្រឿងក្នុង​ជ្រូក​នេះ​បាន​ចំនួន​២​លើក យក​នៅ​ចំណុច​ទល់មុខ​វត្ត​ម៉ុង​ចិន ក្នុង​សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ចំពោះ​ម្ចាស់​គ្រឿងក្នុង​ជ្រូក​នោះ គេ​មិន​ស្គាល់​អត្តសញ្ញាណ​ទេ ទាក់ទង​គ្នា​តាម​ទូរស័ព្ទ ដោយ​ដឹក​ទៅដល់​ភ្នំពេញ មាន​អ្នក​ចាំ​ទទួលយក​នៅ​ផ្សារ​ធំ ថ្មី ។​ចំពោះ​ការដឹក​នេះ គឺ​ខ្លួន​ដឹកជញ្ជូន​យក​កម្រៃ​ក្រៅ​ផ្ទាល់ខ្លួន ក្នុង​១​កេស​តម្លៃ​២​ម៉ឺន​រៀល ពុំ​ពាក់ព័ន្ធ​និង​ក្រុមហ៊ុន ឫទ្ធិ មុនី ឡើយ ។​

 

តាម​ចម្លើយសារភាព​របស់​ឈ្មោះ សូត្រ សុគន្ធរស់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​មិត្តភាព សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ទំនិញ​ក្នុង​រថយន្ត​គ្រឿងក្នុង​ចម្រុះ​ជ្រូក ចំនួន​១៦​កេស គឺជា​របស់ខ្លួន ដែល​បាន​ទិញ​មកពី​ជនជាតិ​ថៃ​នៅ​ផ្សារ​រ៉ុង​ក្លឿ ការលក់ទំនិញ​នេះ​មាន រយៈពេល​២​ខែ​កន្លងមកហើយ គឺ​ពុំមាន​ការត្រួតពិនិត្យ​ពី​មន្ត្រី​ជំនាញ ឬ​ឯកសារ​បញ្ជាក់​នោះឡើយ ដោយ​ដឹក​តាម​រថយន្ត​ទៅ​ឲ្យ​អ្នកទិញ​នៅ​ភ្នំពេញ ចាំ​ទទួលយក​ផ្សារ​ធំថ្មី ។​

 

មន្ត្រី​បសុព្យាបាល​ខេត្ត​បាន​បញ្ជាក់ថា​៖ ផលិតផល​មាន​ដើមកំណើត​សត្វ​(​គ្រឿងក្នុង​ជ្រូក​នេះ​) ការ​វេច​ខ្ចប់​ពុំ​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ហើយ​ការ​នាំចូល​ពុំមាន​ឯកសារ លិខិតអនុញ្ញាត ពី​ស្ថាប័ន​ជំនាញ ត្រួតពិនិត្យ​ឲ្យ​បានច្បាស់លាស់ គឺ​លួច​នាំចូល​ដោយ​ខុសច្បាប់ វា​អាចមាន​ផលប៉ះពាល់​ដល់​អ្នកទទួល​ទាន ។ ដូច្នេះ​ក្រុមការងារ​បានសម្រេច​នាំ​យក​គ្រឿងក្នុង​ជ្រូក​ទាំងនេះ​ទៅ​ដុត និង​កប់​ចោល ។ ចំណែក​អ្នកបើកបរ​និង​ម្ចាស់​ទំនិញ សមត្ថកិច្ច​កំពុង​រៀបចំ​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​ ៕