បុណ្យភ្ជុំបិណ្ឌ ក្រសួងការងារឲ្យកម្មករឈប់សម្រាក៤ថ្ងៃ

0

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឲ្យម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ស្ដីពីការងារអនុញ្ញាតឲ្យកម្មករ និយោជិត ឈប់សម្រាក៤ថ្ងៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ ស្ដីពីថ្ងៃឈប់បុណ្យភ្ជុំបិណ្ឌ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩បានឲ្យដឹងថា​ ដើម្បីបង្កលក្ខណៈងាយស្រួលដល់កម្មករក្នុងឱកាស បុណ្យភ្ជុំបិណ្ឌខាងមុខ ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន ត្រូវអនុញ្ញាតឲ្យកម្មករនិយោជិតទាំងអស់របស់ខ្លួនឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ក្នុងអំឡុងពេល៤ថ្ងៃ គឺថ្ងៃទី២៧ -២៨-២៩ និងថ្ងៃ៣០ ខែកញ្ញា ជំនួសឲ្យថ្ងៃទី២៩ ដែលត្រូវចំថ្ងៃអាទិត្យ ។

ក្រសួងបន្តថា ម្ចាស់សហគ្រាស គ្រឹះស្ថានទាំងអស់ត្រូវខិតខំរៀបចំបើកប្រាក់ឈ្នួលកម្មករនិយោជិត លើកទី២ ឲ្យបានមុនថ្ងៃបុណ្យភ្ជុំបិណ្ឌ។បើពុំមានលទ្ធភាពបើកប្រាក់ឈ្នួល ទាន់ពេលវេលាទេ អនុញ្ញាតឲ្យកម្មករនិយោជិតទទួលប្រាក់បុរេប្រទានយ៉ាងតិច៥០ភាគរយ មុនពេលបុណ្យភ្ជុំបិណ្ឌ ៕