ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានសហការជាមួយក្រសួងមហាផ្ទៃ (អគ្គនាយកដ្ឋានអន្តោប្រវេសន៍) ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា) ក្នុងការសម្រួលបែបបទនៃការធ្វើដំណើរ នៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស។
យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩ បានឲ្យដឹងថា បែបបទនៃការធ្វើដំណើរដែលក្រសួងសម្រួលនោះរួមមាន៖១៖ អំពីសាលាកប័ត្រចូល ចេញប្រទេស និងបែបបទស្នើសុំទិដ្ឋាការ៖ បែបបទនៃការបំពេញសាលាកបត្រចូល ចេញ និងស្នើសុំទិដ្ឋាការពេលមកដល់ ត្រូវបានបញ្ចូលគ្នាតែមួយសន្លឹក ដោយមានជាភាសាខ្មែរ ចិន និងអង់គ្លេស។ ភ្ញៀវទេសចរបំពេញបែបបទចូលតែម្តងគត់ ហើយពេលត្រឡប់ចេញទៅវិញ មិនតម្រូវឲ្យបំពេញបែបបទទៀតទេ និងមិនត្រូវការរូបថតឡើយ។ ចំពោះពលរដ្ឋខ្មែរដែលធ្វើដំណើរចេញ និងចូលប្រទេសដែលកាន់លិខិតឆ្លងដែនអេឡិចត្រូនិចខ្មែរ (E-Passport) មិនតម្រូវឲ្យបំពេញបែបបទទេ។
២៖ អំពីបែបបទចូល ចេញតាមច្រកទ្វារព្រំដែនអន្តរជាតិ៖ ភ្ញៀវទេសចរដែលបើកបរដោយខ្លួនឯង មានបំណងចូលមកទស្សនាក្នុងប្រទេសកម្ពុជាដោយប្រើប្រាស់មធ្យោបាយធ្វើ ដំណើរផ្ទាល់ខ្លួន នាំចូលបណ្តោះអាសន្ន និងចេញទៅវិញតាមច្រកទ្វារព្រំដែនអន្តរជាតិនានាទូទាំងប្រទេស អាចបំពេញប្រតិវេទន៍គយសង្ខេប សម្រាប់មធ្យោបាយធ្វើ ដំណើរចូល-ចេញបណ្តោះអាសន្នរបស់ភ្ញៀវទេសចរ (Summary declaration form for temporary entry-exit of conveyance of tourists) ជាមួយមន្រ្តីគយច្រកទ្វារតែម្តង។ ភ្ញៀវទេសចរមិនចាំបាច់បង់ប្រាក់និមុត្តិធានា (Deposit) និងថ្លៃធានារ៉ាប់រងឡើយ។ ភ្ញៀវទេសចរអាចចូលគេហទំព័រ WWW.Customs.gov.khដើម្បីទទួលយកព័ត៌មាន លម្អិតបន្ថែមទៀត៕