នាយករដ្ឋមន្រ្តីវ័យចំណាស់ជាងគេលើពិភពលោកអញ្ជើញមក​ទស្សនកិច្ច​៣ថ្ងៃនៅកម្ពុជា

0

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លោក មហាធា មហាម៉ាត់ នាយករដ្ឋមន្រ្តីម៉ាឡេស៊ីដែលមានវ័យចំណាស់ជាងគេលើពិភពលោក និងភរិយាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២-៤ ខែកញ្ញា ឆ្នាំ២០១៩ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី៣០ សីហានេះ បានឲ្យដឹងថា ក្នុងអំឡុងទស្សនកិច្ចនេះ នាយករដ្ឋមន្រ្តីម៉ាឡាស៊ី នឹងចូលជួបសំដែងការគួរសម ដាច់ដោយឡែកពីគ្នាជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

លោក​​ មហាធា មហាម៉ាត់ នឹងជួបប្រជុំទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន ដែលនៅក្នុងឱកាសនោះ នាយករដ្ឋមន្រ្តីទាំងពីរ នឹងពិភាក្សាលើទិដ្ឋភាពផ្សេងៗ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី។ នាយករដ្ឋមន្រ្តីទាំងពីរ ក៏នឹងផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិដែលមាន ផលប្រយោជន៍រួមផងដែរ។ បន្ទាប់មក នាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញជាអធិបតីក្នុងពិធី ចុះហត្ថលេខាលើឯកសារមួយចំនួន និងធ្វើការប្រកាសព័ត៌មានរួមគ្នា។

ក្នុងអំឡុងពេលស្នាក់នៅរាជធានីភ្នំពេញ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នឹងអញ្ជើញដាក់កម្រងផ្កា នៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធ នៅមណ្ឌបព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ដំណើរទស្សនកិច្ចផ្លូវការ របស់លោក មហាធា មហាម៉ាត់ នៅកម្ពុជា​ នឹងរួមចំណែកកាន់តែ ប្រសើរក្នុងការពង្រឹង និងធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដ៏ល្អរវាងកម្ពុជានិងម៉ាឡេស៊ី ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងអន្តរជាតិ ៕