ទំហំពាណិជ្ជកម្មកម្ពុជានាំចេញទៅជប៉ុនកើនដល់១៧០០លានដុល្លារត្រឹម៥ខែឆ្នាំ២០១៩

0

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ក្នុងរយៈពេល ៥ខែ ឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មកម្ពុជានាំចេញទៅជប៉ុន កើនឡើងដល់១៧០០លានដុល្លារ ហើយជប៉ុននាំចូលកម្ពុជាត្រឹម ៤៤០លានដុល្លារតែប៉ុណ្ណោះ ។

ក្នុងជំនួបពិភាក្សាការងារជាមួយលោក ហ៊ីដេហ៊ីសា អូរីណូអ៊ូជី (Hidehisa Hironouchi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាចប់អាណត្តិ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ការវិនិយោគពាណិជ្ជកម្ម ក៏ដូចជាទេសចរណ៍ បានកើនឡើងយ៉ាងខ្លាំង គឺទទួលបានអំពីការប្រឹងប្រែងរបស់ជប៉ុន ក្នុងការចូលរួមចំណែកយ៉ាងធំធេង នៅក្នុងបញ្ហា ពាណិជ្ជកម្ម កម្ពុជា-ជប៉ុន។

សម្ដេចបន្ដថា ជាក់ស្ដែងជាលទ្ធផលនៃការវិនិយោគ និងពាណិជ្ជកម្មរវាង កម្ពុជា-ជប៉ុន កាលពីឆ្នាំ២០១៨ ជប៉ុននាំចូលមកកម្ពុជា មានទំហំទឹកប្រាក់ ៤៤០លានដុល្លារ។ប៉ុន្តែនៅឆ្នាំ២០១៩នេះ ក្នុងរយៈពេលត្រឹមតែ៥ខែ ជប៉ុនបាននាំចូលមកកម្ពុជាចំនួន៤៤០លានដុល្លារ ស្រេចទៅហើយ។ដោយឡែកនៅឆ្នាំ២០១៨ កម្ពុជាបាននាំចេញទៅប្រទេសជប៉ុនមានទំហំទឹកប្រាក់ប្រមាណ១៦០០លានដុល្លា។

សម្ដេចមានប្រសាសន៍ថា “នៅក្នុងឆ្នាំ ២០១៩នេះវិញ រយៈពេលត្រឹមតែ ៥ខែប៉ុណ្ណោះ ទំហំពាណិជ្ជកម្មកម្ពុជានាំចេញទៅជប៉ុនបានកើនឡើងដល់ ១៧០០លានដុល្លារសហរដ្ឋអាមេរិក នេះគឺជាជោគជ័យដ៏ធំនៅក្នុងបេសកកម្មការទូតរបស់ ឯកអគ្គរាជទូត ក្នុងការពង្រឹងទំនាក់ទំនង ហើយជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ដែលជាមូលដ្ឋានគ្រឹះ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ”៕