ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញវិធានការសំខាន់ៗឲ្យភាគីពាក់ព័ន្ធទាំងអស់ ទប់ស្កាត់ការឆ្លងរាលដាលជាទ្រង់ទ្រាយធំនៃជំងឺប៉េស្តជ្រកអាហ្វ្រិក (African Swine Fever) ដោយធ្វើការតាមដានស្រាវជ្រាវឲ្យបានហ្មត់ចត់ និងជាប្រចាំលើសុខភាពសត្វជ្រូកនៅកម្ពុជា ព្រមទាំងអនុវត្តវិធានការអនាម័យ នៅកន្លែងចិញ្ចឹមសត្វ។
សេចក្ដីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាល នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ បានឲ្យដឹងថា ក្នុងសភាពការណ៍ចំពោះមុខនេះ និងអនុលោមតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ និងបទប្បញ្ញត្តិច្បាប់ជាធរមាននានា នៃ កម្ពុជា រាជរដ្ឋាភិបាល សម្រេចដាក់ចេញនូវវិធានការចាំបាច់ជាបន្ទាន់ រួមមាន ៖
ទី១-ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវចាត់វិធានការចាំបាច់និងបន្ទាន់ ដើម្បីបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលជាទ្រង់ទ្រាយធំនៃជំងឺប៉េស្តជ្រកអាហ្វ្រិក ដោយធ្វើការតាមដានស្រាវជ្រាវឱ្យបានហ្មត់ចត់និងជាប្រចាំលើសុខភាពសត្វជ្រូកនៅទូទាំងប្រទេស និងអនុវត្តវិធានជីវសុវត្ថិភាព វិធានការអនាម័យនៅកន្លែងចិញ្ចឹមសត្វ ពង្រឹងការត្រតពិនិត្យអនាម័យសត្វនិងផលិតផលមានដើមកំណើតពីសត្វ ព្រមទាំងធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យយល់ដឹងអំពីជំងឺប៉េស្តជ្រូកអាហ្វ្រិកនិងវិធានការការពារ។
ទី២-ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យសត្តឃាតដ្ឋាន អនាម័យសាច់ ធ្វើចត្តាឡីស័ក ឃាត់ទុកឬបំផ្លាញចោលនូវជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រកគ្រប់ប្រភេទដែលលួចនាំចូលដោយខុសច្បាប់ទៅតាមវិធានការបសុព្យាបាលនិងបទដ្ឋានបច្ចេកទេស។
ទី៣-ការនាំចូលជ្រូកពូជ ជ្រូកយកសាច់ សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកគ្រប់ប្រភេទសម្រាប់បំពេញតម្រូវការនៃការចិញ្ចឹមក្នុងស្រុក បម្រើសេចក្តីត្រូវការម្ហូបអាហារនិងសម្រាប់ពិសោធន៍ស្រាវជ្រាវដាច់ខាតត្រូវមានការត្រួតពិនិត្យអនាម័យនិងសុខភាពសត្វតាមបទដ្ឋានបច្ចេកទេស និងត្រូវមានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ទី៤-ក្រសួងមហាផ្ទៃត្រូវដាក់បទបញ្ជាដល់អភិបាលនៃគណៈអភិបាលខេត្តតាមបណ្តោយព្រំដែនឱ្យចាត់វិធានការម៉ឺងម៉ាត់និងជាបន្ទាន់ក្នុងការទប់ស្កាត់ការលួចនាំចូលជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកគ្រប់ប្រភេទដែលខុសច្បាប់និងគ្មានការអនុញ្ញាតតាមគ្រប់រូបភាពនិងតាមគ្រប់មាត់ច្រកទាំងអស់។
ទី៥-ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុត្រូវដាក់បទបញ្ជាដល់មន្ត្រីមានសមត្ថកិច្ចឈរជើងតាមព្រំដែនឱ្យមានវិធានការទប់ស្កាត់យ៉ាងម៉ឺងម៉ាត់និងជាបន្ទាន់នូវការនាំចូលជ្រូក សាច់ជ្រូកនិងផលិតផលមានដើមកំណើតពីសត្វជ្រូកគ្រប់ប្រភេទដែលខុសច្បាប់និងគ្មានការអនុញ្ញាត។
និងទី៦-ក្រសួង ស្ថាប័នពាក់ព័ន្ធ អគ្គស្នងការនគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងសាលារាជធានី ខេត្តត្រូវផ្តល់កិច្ចសហការដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឱ្យបំពេញភារកិច្ចនេះទទួលបានជោគជ័យ។
បច្ចុប្បន្ននេះ ជំងឺប៉េស្តជ្រូកអាហ្វ្រិក បាននិងកំពុងឆ្លងរាលដាលយ៉ាងឆាប់រហ័សពី បណ្តាប្រទេសជិតខាង និងបានបន្តឆ្លងរាតត្បាតមកដល់ ខេត្តរតនគិរី ,ត្បូងឃ្មុំ ,ស្វាយរៀង ,តាកែវ និងខេត្តកណ្តាលជ្រូក៕