កម្ពុជានាំចេញផលិតផលកសិកម្មជាង ២លានតោនគិតត្រឹមខែកក្កដា

0

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយលោក Eldeen Hasaaini bin Mohd ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំ កម្ពុជា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា គិតត្រឹមខែកក្កដា ឆ្នាំ២០១៩នេះ កម្ពុជាបានធ្វើការនាំចេញផលិតផលកសិកម្មសរុបជាង ២,៣៧លានតោន។នេះបើយោងតាមគរហទំព័រហ្វេសប៊ុករបស់ក្រសួងកសកម្ម។

លោកវេង សាខុន សង្ឃឹម និងជឿជាក់ថា តាមរយៈលោកឯកអគ្គរដ្ឋទូត កិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មលើផលិតផលកសិកម្ម និងផលិតកម្មសត្វរវាងប្រទេសទាំងពីរ ជាពិសេសវិនិយោគិនម៉ាឡេស៊ីមកវិនិយោគលើការកែច្នៃផលិតផលកសិកម្មនៅកម្ពុជា និងការនាំចេញផលិតផលកសិកម្មទៅកាន់ប្រទេសម៉ាឡេស៊ីនឹងត្រូវបានជំរុញនិងពង្រីកថែមមួយកម្រិតទៀតប្រកបដោយប្រសិទ្ធភាព។មួយវិញទៀតក៏បានស្នើដល់ភាគីម៉ាឡេស៊ីពិនិត្យវឌ្ឍនភាពនិងជំរុញការអនុវត្តនៃអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទកម្ពុជា និងក្រសួងកសិកម្ម និងឧស្សាហកម្មដែលមានមូលដ្ឋានផ្នែកកសិ-ឧស្សាហកម្មនៃម៉ាឡេស៊ី។

ក្នុងឱកាសនោះដែរលោក ឯកអគ្គរដ្ឋទូតបញ្ជាក់ថា ក្នុងអំឡុងខែកញ្ញាខាងមុខនេះ ក្រុមហ៊ុនវិនិយោគម៉ាឡេស៊ីមួយចំនួននឹងមកទស្សនកិច្ចសិក្សាស្វែងយល់បន្ថែមអំពីសក្តានុពលនៃវិស័យកសិកម្មកម្ពុជា។
លោកបន្ថែមទៀតថា ភាគីម៉ាឡេស៊ីរីករាយចំពោះការបង្កើនបរិមាណនៃពាណិជ្ជកម្មកសិកម្មរវាងប្រទេសទាំងពីរ ដោយភាគីម៉ាឡេស៊ីបានសម្រេចបង្កើនការនាំចូលអង្ករពីកម្ពុជាហើយកំពុងមានចំណាប់អារម្មណ៍ជាខ្លាំងលើផលិតផលដទៃទៀត ដូចជាម្រេច តាង៉ែន និងប្រេងដូង៕