លោក គួច ចំរើនប្ដេជ្ញាដោះស្រាយបញ្ហាសំរាមក្នុងក្រុងព្រះសីហនុឲ្យបានចាប់ពីពេលនេះតទៅ

0

ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងក្នុងយុទ្ធនាការចុះប្រមូលសំរាមនិងសម្អាតបរិស្ថាននៅក្នុងក្រុងព្រះសីហនុថាសំរាមមិនមែនករណីគួរឲ្យស្អប់ខ្ពើមទេ​តែអ្នកចោលសំរាមផ្តេសផ្តាសជារឿងដែលមិនល្អខណៈបញ្ហាសំរាមកំពុងរីកធំហួសពីសមត្ថភាពក្រុមហ៊ុនដឹកជញ្ជូនចេញប៉ុន្តែរូបលោកនិងទាំងមន្ត្រីពាក់ព័ន្ធនឹងបន្តការខិតខំគ្រប់គ្រងសំរាមឲ្យបានច្បាស់លាស់​ ដើម្បីរៀបចំផែនការឲ្យបានគត់មុតក្នុងការដឹកជញ្ជូនចេញបានទាន់​។

លោក គួច ចំរើន បានសរសេរក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននៅព្រឹកថ្ងៃទី១៣កក្កដានេះថា”សំរាមមិនមែនករណីគួរអោយស្អប់ខ្ពើមទេ​ តែអ្នកចោលសំរាមផ្តេសផ្តាសជារឿងដែរមិនល្អ។ថ្ងៃនេះយើងជួបជុំគ្នា​ គោលដៅយើងគឺប្រមូលសំរាមចេញ​ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតពាក់ពន្ធ័នឹងសំរាមសេសសល់នេះ​ សុំអោយអ្នកប្រើប្រាស់សម្រាមទាំងអស់ត្រូវមានការយល់ដឹងអោយបានច្បាស់អំពីសំរាម។ ទោះបីជាមានយុទ្ធនាការប្រមូលសំរាមចេញពីក្រុងព្រះសីហនុថ្ងៃនេះ​ប្រាកដណាស់ថាការគ្រប់គ្រងសំរាមមិនទាន់បាន​ល្អនៅឡើយទេ តែយើងចាប់ផ្តើមយល់ដឹងអំពីសំរាមពីពេលនេះតទៅ”។​ លោកអភិបាលខេត្តបញ្ជាក់បន្ថែមថា”បញ្ហាសំរាមកំពុងរីកធំហួសពីសមត្ថភាពក្រុមហ៊ុនដឹកជញ្ជូនចេញ​ តែយ៉ាងណាក៏ដោយយើងខ្ញុំរួមទាំងមន្ត្រីពាក់ព័ន្ធនឹងបន្តការខិតខំគ្រប់គ្រងសំរាមនេះអោយបានច្បាស់លាស់​ ដើម្បីរៀបចំផែនការអោយបានគត់មុតក្នុងការដឹកជញ្ជូនចេញអោយបានទាន់​ អោយបានគ្រប់ចំនួននឹងបរិមាណដែលបានបញ្ជូនចេញតែក៏សុំអោយមានកិច្ចសហការគ្នាចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់​ ក្នុងវេចខ្ជប់​ ទុកដាក់សំរាមអោយបានត្រឹមត្រូវ”។

លោក គួច ចំរើន បន្តថា”បន្ទាប់​ពីការជួបជុំ​ និងការប្រមូលសម្រាមនេះទៅ​ ខ្ញុំក៏សុំស្នើសុំអ្នកស្ម័គ្រទាំងអស់ចូលរួមនៅទីនេះ​បានរួមគ្នាបន្តការអប់រំផ្សព្វផ្សាយអោយបានទូលំទូលាយទៅកាន់បងប្អូន​ ប្រជាពលរដ្ឋ​អ្នកបង្កើតសំរាមនៅទូទាំងក្រុងព្រះសីហនុយើង​ និងសូមអោយបងប្អូនអ្នកស្ម័គ្រចិត្តទាំងអស់នៅទីនេះ​ ធ្វើខ្លួនអោយក្លាយទៅជាចលករសំខាន់នៃអ្នកគ្រប់គ្រងសំរាមនៅទីក្រុងព្រះសីហនុរបស់យើងដោយខិតខំផ្សព្វផ្សាយអោយទូលំទូលាយទៅកាន់អ្នកបង្កើតសម្រាមអោយពួកគាត់មានការយល់ដឹង​ ចូលរួម​ ដើម្បីយើងមានលទ្ធភាពគ្រប់គ្រងសំរាមអោយបានល្អ​ យើងមានលទ្ធភាពថែទាំអនាម័យ​ បរិស្ថាននៅក្រុងព្រះសីហនុអោយបានល្អចាប់ពីថ្ងៃនេះតទៅ”៕