ភ្នំពេញ៖ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានឲ្យដឹងថាផលិតផលដំណាំពោត នៅកម្ពុជាកំពុងទទួលរងនូវការរាតត្បាត ពីសំណាក់ដង្កូវហ្វូងប្រភេទថ្មី(Fall Amyworm )ក្នុងនោះមានផ្ទៃដីដំណាំពោតដែលរងការបំផ្លាញដោយដង្កូវហ្វូងប្រភេទថ្មីនេះសរុបចំនួន ១១ ១៤២ ហិកតា ដែលក្នុងនោះ ខេត្តប៉ៃលិនមានចំនួន ២ ៥៤៤ ហិកតា បាត់ដំបងមាន ៣ ០៣៣ហិកតា បន្ទាយមានជ័យមាន ៤ ៧១៥ហិកតា និងខេត្តត្បូងឃ្មុំមានចំនួន៨៥០ហិកតា។
យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ក្រសួងកសិកម្មសូមធ្វើការណែនាំដល់គ្រប់អង្គភាព ពាក់ព័ន្ធក្រោមឱវាទ មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្ត និងបងប្អូនប្រជាកសិករ ដែលដាំដុះដំណាំពោតទាំងអស់ ត្រូវចូលរួមសហការ អនុវត្តន៍នូវវិធានការមួយចំនួនដូចជាត្រូវធ្វើការស្រាវជ្រាវអង្កេតព្យាករណ៍ កម្រិតបំផ្លាញរបស់ដង្កូវហ្វូងប្រភេទថ្មីនេះ និងជំរុញវិធានការការពារដំណាំក្នុងការកម្ចាត់និងទប់ស្កាត់ការរាតត្បាតនូវដង្កូវហ្វូងប្រភេទថ្មីនេះទៅតាមបណ្ដាលខេត្តទូទាំងប្រទេស។
សម្រាប់មន្ទីរកសិកម្មរាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់ចុះត្រួតពិនិត្យនិងជំរុញ ប្រជាកសិករឲ្យចុះពិនិត្យ ចម្ការពោតជាប្រចាំ ហើយនៅពេលឃើញមានសញ្ញាសង្ស័យ នៃការបំផ្លាញអំពីដង្កូវហ្វូងប្រភេទថ្មីនេះ ត្រូវរាយការណ៍មកអគ្គនាយកដ្ឋានកសិកម្មជាបន្ទាន់៕