ស្លាកយីហោអាជីវកម្មអត់ច្បាប់របស់ជនបរទេសត្រូវបានបន្តទម្លាក់ចុះនៅតាមបណ្ដាខេត្តនានា

0

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក វ៉េង សុធី បានបន្តដឹកនាំមន្ត្រីនៃមន្ទីរពាណិជ្ជកម្ម សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះទម្លាក់ស្លាកយីហោអាជីវកម្មអត់ច្បាប់ របស់ជនជាតិចិនចំនួន ២កន្លែងទៀត ដែលទី១ គឺជាភោជនីយដ្ឋាន ឈ្មោះថា «ឌឺ ហ្គដ ររហ្វ វល» និងទី២ គឺជាបនល្បែង ឈ្មោះថា «SUPERRICH THE BEST CASINO» ដើម្បីពង្រឹងការអនុវត្តច្បាប់នៅក្នុងប្រទេសកម្ពុជា។

យោងតាមក្រសួងពាណិជ្ជកម្មបានឲ្យដឹងថាការចុះទម្លាក់ស្លាកយីហោខាងលើ បានធ្វើឡើងកាលពីព្រឹកពុធ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយមានការចូលរួមពី លោក ផាន់ ចាន់ថុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃស្ថាប័នពាក់ព័ន្ធប្រមាណជាង ៣០រូប។

នៅក្នុងឱកាសនោះ លោក វ៉េង សុធី បានធ្វើការណែនាំ និងពន្យល់ជនជាតិចិន ដែលជាម្ចាស់អាជីវកម្មដ្ឋាន អំពីច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម និងច្បាប់ស្តីពីពាណិជ្ជនាម ព្រមទាំងនីតិវិធីស្នើសុំនាមករណ៍ផ្លូវការ សម្រាប់អាជីវកម្ម ឬក្រុមហ៊ុន នៅក្នុងប្រទេសកម្ពុជា។
លោករដ្ឋលេខាធិការ បានឱ្យដឹងទៀតថា នៅក្រោមច្បាប់អង្គការពាណិជ្ជកម្មពិភពលោក ជនបរទេសពុំអាចធ្វើអាជីវកម្មណា ដែលប៉ះពាល់ដល់មុខរបរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋបានឡើយ។ លើសពីនេះ ត្រូវតែគោរពនូវគោលការណ៍ចំនួន ២គឺ៖ ទី១ ប្រើប្រាស់ពាក្យពេចន៍ឱ្យបានត្រឹមត្រូវ ចំពោះស្លាកយីហោជាភាសាខ្មែរ និងទី២ ការលើកស្លាកយីហោ ត្រូវតែសុំច្បាប់អនុញ្ញាតជាមុនពីក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធ តាមរយៈច្រកចេញចូលតែមួយ។
សូមជម្រាបថា តាមរយៈកិច្ចសហការល្អពីអាជ្ញាធរខេត្ត នៅក្នុងប្រតិបត្តិការលើកនេះ មន្ត្រីបានរកឃើញកន្លែងប្រកបអាជីវកម្ម ដែលពុំមានភាពអនុលោមចំនួន ១៣ទីតាំង ក្នុងនោះអត់ច្បាប់ ១០ទីតាំង ប្រើប្រាស់ពាក្យពេចន៍ខ្មែរមិនត្រឹមត្រូវ ២ទីតាំង និងបិទស្លាកតម្លៃទំនិញជារូបិយប័ណ្ណបរទេស ចំនួន ១ទីតាំង៕