ភ្នំពេញ៖កាលពីពេលថ្មីៗនេះស្ថាប័នផ្សព្វផ្សាយទេសចរណ៍អន្តរជាតិរបស់អាល្លឺម៉ង់មួយដែលមានឈ្មោះថា You Discover បានជ្រើសរើសយក ក្រុងសៀមរាប ជាគោលដៅទេសចរណ៍លេខ ១ សម្រាប់ឆ្នាំ ២០១៩ នេះ ក្នុងចំណោមបណ្តាទីក្រុងទាំង ៩៣ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។
យោងតាមគេហទំប័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍បានឲ្យដឹងបន្ថែមថាមិនត្រឹមតែប៉ុណ្ណោះ រាជធានីភ្នំពេញ និងក្រុងបាត់ដំបង ក៏ជាប់នៅក្នុងចំណោមគោលដៅទេសចរណ៍ទាំង ១៥ ផងដែរ ដោយរាជធានីភ្នំពេញ ឈរនៅលំដាប់លេខ ៤ ខណៈក្រុងបាត់ដំបង ឈរនៅលំដាប់លេខ ១៣ ។
លើសពីនេះទៅទៀត ក្រុងសៀមរាប ឈរលើកំពូលតារាង ដោយទទួលបាន ១០ពិន្ទុពេញ ខណៈដែលទីក្រុងបាងកក ឈរលេខ ២ និងទីក្រុងសិង្ហបុរី ឈរលេខ ៣ ហើយរាជធានីភ្នំពេញ ឈរនៅលំដាប់ទី៤ មានពិន្ទុ ៩,៧ ។ស្ថាប័នផ្សព្វផ្សាយទេសចរណ៍ពិភពលោករបស់អាល្លឺម៉ង់ You Discover បានបង្ហាញពីសក្តានុពលនៃខេត្តសៀមរាប ដែលមាន ប្រាសាទបុរាណជាច្រើន ជាពិសេសគឺប្រាសាទអង្គរវត្ត ដែលជា អត្តសញ្ញាណជាតិខ្មែរ គួបផ្សំនឹងតំបន់កម្សាន្តជាច្រើនទៀតដែលបង្កើតបានជាបរិយាកាសដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរបរទេស៕

