ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីកម្ពុជាទៅចិននឹងមានការចុះ MOU លើការនាំចេញអង្ករ៤០ម៉ឺនតោន

0

ភ្នំពេញ ៖ នៅក្នុងដំណើរទស្សនកិច្ច របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន ចាប់ពីថ្ងៃទី២៥-២៧ ខែមេសា ឆ្នាំ២០១៩នាយករដ្ឋមន្រ្តីកម្ពុជា-ចិន នឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា លើការនាំចេញអង្ករកម្ពុជា ទៅចិនចំនួន៤០ម៉ឺនតោន ក្នុងឆ្នាំ២០១៩ ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្ម ចុះនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ បានឲ្យដឹងថា “ដើម្បីជំរុញការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សាអន្តរជាតិ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល និងពង្រីងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី កម្ពុជា-ចិន ក្រសួងពាណិជ្ជកម្ម តាមរយៈក្រុមហ៊ុន ហ្គ្រីន ត្រេដ ដែលជាសេនាធិការ បានធ្វើការពិភាក្សាជាមួយក្រុមហ៊ុនសាជីវកម្ម COFCO នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ លើការរៀបចំអនុស្សរណៈនៃការយោគយល់គ្នា សម្រាប់ពាណិជ្ជកម្ម ទំនិញអង្ករកម្ពុជា នាំចូលទៅកាន់ទីផ្សារប្រទេសចិន” ។
ចំណុចសំខាន់នៃអនុស្សារណៈរួមមាន៖ ភាគីចិនយល់ព្រមទិញអង្ករ ផ្កាម្លិះ អង្ករក្រអូប អង្ករស និងចុងអង្កររបស់កម្ពុជាក្នុងបរិមាណ៤០ម៉ឺនតោន ចាប់ពីខែសីហា រហូតដល់ចុងខែធ្នូឆ្នាំ២០១៩៕