«ក្រុងភ្នំពេញ» ៖ ការចូលរួមជួយសង្គមគឺជាកាតព្វកិច្ចរបស់ប្រជាជនទាំងអស់ បើទោះបីជាស្ថានភាពការជួយនោះធំ ឬតូចក្តី ប៉ុន្តែសិល្បៈនៃការចែក រំលែកនេះមិនអាចខ្វះបាននោះទេ សម្រាប់សង្គមខ្មែរ ។ ជាក់ស្តែងថ្មីៗនេះ ម្ចាស់ហាងមីស៊ុបកូនកាត់មានទីតាំងនៅកោះពេជ្រ បានអះអាងថា ការចូលរួមញ៉ាំមីស៊ុបកូនកាត់របស់កញ្ញា គឺជាការចូលរួមសង្គម តាមរយៈការជួយទៅដល់ចាស់ជរាគ្មានទីពឹង និងកុមារកំព្រា ហើយថែមទាំង ជួយលើកកម្ពស់ដល់សង្វាក់ស្មូនឆ្នាំងដី ។
អ្នកស្រី គង់ វណ្ណា ម្ចាស់ហាងមីស៊ុបកូនកាត់ បច្ចុប្បន្នបានចូលរួមយ៉ាងផុសផុល ជួយដល់សង្គមជាតិតាមរយៈ ការធ្វើសប្បុរសធម៌ទៅលើកំព្រា ចាស់ ជរាគ្មានទីតាំង ដោយដកសាច់ប្រាក់ដែលចំណេញមួយចំនួនពីការលក់ ។
អ្នកស្រី គង់ វណ្ណា បានមានប្រសាសន៍ថា សម្រាប់អតិថិជនដែលចូលរួមញ៉ាំមីស៊ុបកូនកាត់មានទីតាំងស្ថិនៅកោះពេជ្រគឺមានន័យថាបានចូលរួមជួយដល់សង្គមជាតិ ដោយគ្រាន់ញ៉ាំមីស៊ុបកូនកាត់មួយឆ្នាំងដី មានតម្លៃ ១២៨០០រៀល ថែមជូនភេសជ្ជៈមួយកែវ ហើយអ្នកស្រីនឹងដកប្រាក់ ២០ភាគរយ ពីតម្លៃមីមួយឆ្នាំងដីនេះជួយដល់សង្គម ។ អ្នកស្រីបន្តថា ក្រៅពីការដកភាគរយនៃមីស៊ុបឆ្នាំងដីកូនកាត់នេះ អ្នកស្រីក៏បានឆ្លៀតពេលមួយចំនួន ទទួលសេវា កម្មធ្វើម្ហូបអាហារតាមតុការ ជប់លៀងផ្សេងៗ ដើម្បីយកកម្រៃទាំងនោះជួយដល់កុមារកំព្រា ចាស់ជរា និងមន្ទីរពេទ្យគន្ធបុប្ជាផងដែរ ។
ម្ចាស់ហាងមីស៊ុបកូនកាត់ខាងលើកន្លងទៅធ្លាប់បានធ្វើសកម្មភាពសប្បុរសជាច្រើនជាមួយពេទ្យគន្ធបុប្ជា និងកិច្ចការសង្គមជាច្រើន ហើយក៏មានអង្គការមួយដែលមានកុមារកំព្រាមានបញ្ហាសតិបញ្ញា បានស្នើអ្នកស្រីឲ្យជួយ ដែលក្នុងនោះអ្នកស្រីត្រូវស្វែងរក និងរៃថវិកាបន្ថែម ធ្វើយ៉ាងណា ឲ្យបានអង្ករ ៣០បេ និងថវិកាមួយចំនួន ។ អ្នកស្រីបញ្ជាក់ថា សម្រាប់ថវិកា និងអង្ករ គ្រោងនឹងយកទៅជួយដល់កុមារកំព្រាទាំងនោះ ក្រោយចូលឆ្នាំរួច ពោលគឺថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ ។
អ្នកស្រីក៏បានប្រកាសផងដែរថា ការញ៉ាំមីស៊ុបកូនកាត់បានទាំងឆ្អែត ឆ្ងាញ់ពិសារ ហើយក៏បានចូលរួមសង្គមផងដែរ ជាពិសេស បានចូលរួមលើកកម្ពស់ដល់ផ្នែកស្មូនឆ្នាំងដី ព្រោះថា ហាងអ្នកស្រីគឺប្រើប្រាស់ឆ្នាំងដី ជាគោល ដែលជាផ្នែកមួយជួយអាជីវករលក់ឆ្នាំងដីនេះ៕































