ដំណឹងល្អ ! អាចជិះរថភ្លើងពីកម្ពុជាដល់ថៃ ម៉ាឡេស៊ី និង សឹង្ហបុរី

0

«ក្រុងភ្នំពេញ» ៖ បើតាមការលើកឡើងរបស់លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សាធារណការនិងដឹកជញ្ជូន បានបញ្ជាក់ថា សម្រាប់ប្រជាជនកម្ពុជា អាចជិះរថភ្លើងពីកម្ពុជា ទៅដល់បាងកក ប្រទេសថៃ ហើយអាចបន្តដំណើរទៅកាន់ទឹកដីម៉ាឡេស៊ី និងសឹង្ហបុរី ។​

ក្នុងដំណើរចុះពិនិត្យសា្ថនីយរថភ្លើងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩កន្លងមកនេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សាធារណការនិងដឹកជញ្ជូនបានថ្លែងថា ផ្លូវដែកកម្ពុជាបានតភ្ជាប់ជាមួយផ្លូវដែកថៃហើយ ប៉ុន្តែភាគីទាំងពីរមិនទាន់បានបើកឱ្យដំណើរការនៅឡើយទេ ដោយសារកម្ពុជា និងថៃមិនទាន់ ចុះកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវដែកជាមួយគ្នា។ ប៉ុន្តែកិច្ចព្រមព្រៀងនេះ បានរៀបចំរួចរាល់ អស់ហើយ ដោយរង់ចាំតែថ្ងៃ ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរចុះកិច្ចព្រម​ព្រៀងនៅ​ថ្ងៃបើកសម្ពោធផ្លូវដែកឆ្លងកាត់ប្រទេសកម្ពុជា-ថៃនៅថ្ងៃទី២២ខែមេសាខាងមុខនេះ​តែប៉ុណ្ណោះ។

ឯកឧត្តមបានបន្ដថា ទន្ទឹមនេះថ្ងៃបើកសម្ពោធផ្លូវដែកឆ្លងកាត់ប្រទេសទាំងពីរ ក៏មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ហើយភាគីថៃនឹងប្រគល់ទូរថភ្លើងចំនួន៤ទូដល់​កម្ពុជាផងដែរ។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្ដទៀតថា នៅពេលបើកដំណើរការជាផ្លូវការ​នូវ​ផ្លូវដែកនេះ ទាំងការដឹកទំនិញ ទាំងអ្នកដំណើរ និងអ្នកទេសចរ អាចធ្វើដំណើរឆ្លងកាត់ពី​ប្រទេសមួយទៅប្រទេសមួយតាមរអាយៈការជិះរថភ្លើងតែម្តងក៏បាន។ ឯកឧត្តមបានបន្ថែមថា “ប្រជារាស្ត្រអាចធ្វើដំណើរ កម្មករ កម្មការិនីអាចធ្វើដំណើរពីបាងកកមកដល់កម្ពុជា ចំណែក​អ្នកធ្វើដំណើរតាមរថភ្លើងពីខេត្តព្រះសីហនុ និងពីរាជធានីភ្នំពេញដល់ប៉ោយប៉ែតអាចបន្ត ដំណើរតាមរថភ្លើងដល់បាងកក ដល់ម៉ាឡេស៊ី ឬសិង្ហបុរីក៏បាន”។

ពាក់ព័ន្ធការជំរុញការដឹកជញ្ជូនតាមផ្លូវដែកនេះ ក្រុមហ៊ុនវិនិយោគ Royal Railway ដែលបានទទួលសិទ្ធិវិនិយោគផ្លូវដែកកម្ពុជាបានបញ្ជាទិញរថភ្លើងពីប្រទេសម៉ិកស៊ិកចំនួន៣គ្រឿងដែលក្នុង១គ្រឿងមានតម្លៃ២លានដុល្លារ។ ចំពោះសមត្ថភាពរបស់រថភ្លើងនេះដែរ រួមមាន៖ ផ្ទុកមនុស្សបាន៥៦នាក់ មានម៉ាស៊ីនត្រជាក់ កៅអីអង្គុយធំទូលាយ មានបំពាក់ប្រព័ន្ធ Wi-Fi ប្រព័ន្ធហ្វ្រាំងចាប់បានលឿន រហ័ស បង្កើនល្បឿនបានលឿនដល់៨០-៩០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ មានទ្វារ និងជណ្តើរចុះដោយស្វ័យប្រវត្តិ មានបំពាក់ប្រព័ន្ធគ្រប់គ្រងរំយោល មិនរលាក់ ប្រតិបត្តិការអាចបញ្ជាបានទាំងសងខាង មានទូរទស្សន៍ ១២គ្រឿងក្នុងមួយទូរថ ភ្លើង បង្គន់អនាម័យ៕