កម្ពុជាឲ្យចិនជួយគាំទ្រ​ការទូទាត់ប្រាក់រៀល​តាមប្រព័ន្ធអេឡិចត្រូនិក(E-Payment)

0

ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានស្នើតំណាងធនាគារចិន ប្រចាំនៅកម្ពុជា គាំទ្រការប្រើប្រាស់ និងទូទាត់រូបិយប័ណ្ណខ្មែរ (ប្រាក់រៀល) តាមរយៈប្រព័ន្ធអេឡិចត្រូនិក (E-Payment) ជាពិសេស QR Code ដែលជាមធ្យោបាយទូទាត់សាច់ប្រាក់ដ៏ពេញនិយមនៅក្នុងប្រទេសចិន ដើម្បីជំរុញកិច្ចសម្រួលពាណិជ្ជកម្ម និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងវិនិយោគនៃប្រទេសទាំងពីរ។
លោករដ្ឋមន្ត្រី បានលើកសំណើនេះឡើង នៅក្នុងជំនួបពិភាក្សាការងារ ជាមួយប្រតិភូធនាគារចិន ដឹកនាំដោយ លោក វ៉ាង ប៊ីង (WANG Bing) នាយកប្រតិបត្តិរងនៃធានាគារចិន ប្រចាំទីក្រុងហុងកុង នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងគ្រឹះស្ថានហិរញ្ញវត្ថុរដ្ឋរបស់ចិនដ៏ធំមួយនេះ។នេះបើយោងតាមបណ្ដាញទំនាក់ទនងសង្គមហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្ម។
លោករដ្ឋមន្ត្រី ក៏បានជំរុញតំណាងធនាគារចិន ទទួលយកការទូទាត់ប្រាក់រៀល ឱ្យបានកាន់តែទូលំទូលាយ សម្រាប់សកម្មភាពធុរកិច្ច និងវិនិយោគទ្វេភាគី ជាពិសេសការដោះដូរពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ឬហៅថា E-Commerce ដោយប្រើប្រាស់បច្ចេកវិទ្យា E-Payment និង QR Code ដូចគ្នាជាមួយកម្មវិធីទូរស័ព្ទដៃ WeChat ឬ Alipay ជាដើម។
បន្ថែមលើនេះ លោករដ្ឋមន្ត្រី បានសំណូមពរ លោក វ៉ាង ប៊ីង ពិនិត្យលទ្ធភាពចូលរួមវិនិយោគសាងសង់ឡសម្ងួត (សៃឡូ) នៅតាមបណ្តាខេត្តសំខាន់ៗក្នុងប្រទេសកម្ពុជាដើម្បីរក្សាទុកកសិផលក្នុងរយៈពេលយូរ និងផ្ដល់ឥណទានដល់ប្រជាកសិករ ជាពិសេសសហគ្រាសខ្នាតតូច និងមធ្យម ដើម្បីពង្រឹងការអភិវឌ្ឍខ្សែចង្វាក់តម្លៃផលិតផល ដែលមានសក្តានុពលនានា សំដៅបង្កើតតម្លៃបន្ថែម និងធ្វើពិពិធកម្មការនាំចេញ។

ជាការឆ្លើយតប លោក វ៉ាង ប៊ីង បានថ្លែងអំណរគុណ លោករដ្ឋមន្ត្រី ដែលបានគាំទ្រប្រតិបត្តិការរបស់ធនាគារចិន នៅក្នុងប្រទេសកម្ពុជា តួយ៉ាងដូចជាការប្រើប្រាស់ប្រាក់យ័ន តាមរយៈប្រព័ន្ធធនាគារ ដើម្បីសម្រួលការធ្វើពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ព្រមទាំងការបង្កើតការិយាល័យចិនមួយ (Chinese Desk) នៅក្រសួងពាណិជ្ជកម្ម ដើម្បីសម្រួលដល់ធុរជនចិន ក្នុងការធ្វើប្រតិបត្តិការពាណិជ្ជកម្ម៕